(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានក្រើនរំលឹក ទៅអភិបាលខណ្ឌទាំង១៤ ឱ្យពិនិត្យ និងយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដែលខ្វះស្បៀងអាហារក្នុងកំលុងរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់។

លោក ឃួង ស្រេង បានប្រកាសបញ្ចេញអង្ករដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមាណ ១៤០តោននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ស្អែកនេះ ដោយផ្តល់ទៅមួយខណ្ឌចំនួន ១០តោន។ អង្ករទាំងអស់នេះ ទុកឱ្យអភិបាលខណ្ឌយកទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងអាហារ។

លោក ឃួង ស្រេង ក៏បានណែនាំឱ្យអភិបាលខណ្ឌទាំងអស់ តាមដានឱ្យជាប់ជាប្រចាំលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីពិនិត្យមើលការដង្ហោយហៅរកជំនួយពីសំណាក់ប្រជាពលរដ្ឋ ដែលខ្វះខាត។

សូមបញ្ជាក់ថា ក្នុងកំលុងពេលប្រទេសជាតិកំពុងជួបបញ្ហាដោយសារជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាគោលការណ៍ផ្តល់ថវិកា និងស្បៀអាហារផ្សេងៗ សម្រាប់ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ហើយក៏បានណែនាំឱ្យគិតគូរផ្តល់ស្បៀងអាហារសម្រាប់អ្នកខ្វះខាត ក្នុងកំលុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញផងដែរ៕

*** តាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News !
Join US: https://t.me/freshnewsasia