(បន្ទាយមានជ័យ)៖ នារីម្នាក់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចូលទៅសារភាពសុំទោស នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយបង្ហោះរូបភាពជួបជុំផឹកស៉ី និងប្រើពាក្យអសុរសលើបណ្តាញសង្គម Facebook ផងនោះ។

ស្ត្រីខាងលើមានឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

គឹម កញ្ញា ជាម្ចាស់គណនី Facebook ឈ្មោះ «Kanha Kim» ដែលបានបង្ហោះរូបភាពផឹកស៉ី មានគ្នាច្រើន ជាច្រើនសន្លឹកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ភ្ជាប់នឹងខ្លឹមសារថា៖ «អញផុសទៀតចាំមើល (ពាក្យអសុរស Fresh News សុំមិនបង្ហាញ)... »។ ការបង្ហោះសារនេះ មានអ្នកចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់។

បន្ទាប់មកសាម៉ីខ្លួនបានមកសារភាព និងធ្វើការសុំទោស នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ (នៅការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា ) ដើម្បីប្រាប់អំពីមូលហេតុដែលខ្លួនបានប្រព្រឹត្ត។

ក្រោយពីនគរបាលខេត្តបន្ទាយមានជ័យសាកសួរ ស្ត្រីខាងលើបានឲ្យដឹងថា រូបភាពដែលបានបង្ហោះនោះ ជារូបភាពចាស់តាំងពីខែធ្នូ ឆ្នាំ២០២០ ម្ល៉េះ ហើយការណ៍ដែលខ្លួនប្រើពាក្យសម្តីអសុរសនោះ ដោយសារមានទំនាស់ជាមួយអ្នកជិតខាង ទើបយករូបនោះមកផុសសារជាថ្មី ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងមិនគោរពតាមអនុសាសន៍ របស់រាជរដ្ឋាភិបាល ៣ ការពារ ៣ កុំ។

តាមការស្រាវរបស់ការិយាល័យជំនាញ រកឃើញថា រូបភាពដែលបានបង្ហោះនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នោះ ជារូបភាពចាស់ ដែលធ្លាប់បានបង្ហោះក្នុង ខែធ្នូ ឆ្នាំ២០២០ ពិតប្រាកដមែន។

ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យកម្លាំងជំនាញ ធ្វើកិច្ចសន្យាអប់រំស្ត្រីខាងលើ បញ្ឈប់ការបង្ហោះរូបភាពបែបនេះតទៅទៀត និងធ្វើការគ្រប់គ្រងតាមដានបន្តទៅទៀតផងដែរ៕