(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ស្វែងរកស្ត្រីឈ្មោះ ហង់ សុីម វិជ្ជមានកូវីដ-១៩ ឃើញហើយ គឺគាត់ធ្វើការនៅរោងចក្រ «ហីរ៉ាយហ្សិន អៅដរ (ខេមបូឌា)»

ស្ត្រីឈ្មោះ ហង់ ស៊ីម អាយុ៤២ឆ្នាំ ជាកម្មករការនីរោងចក្រ មានទីលំនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលរកឃើញ វិជ្ជមានកូវីត-១៩ កាលពីថ្ងៃ ទី១៧ ខែមេសា នៅមន្ទីរពេទ្យរាជធានីភ្នំពេញហើយស្ត្រីរូបនេះ បានបញ្ជាក់ប្រាប់គ្រូពេទ្យនៅភ្នំពេញថា គាត់គឺជាកម្មការិនីធ្វើការនៅរោងចក្រមួយកន្លែង ក្នុងខេត្តកំពង់ឆ្នាំង តែមិនបានប្រាប់ឈ្មោះរោងចក្រពិត ប្រាកដនោះឡើយ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទេ១៨ ខែមេសា ឆ្នាំ២០២១នេះថា បន្ទាប់ពីលោកទទួលបានព័ត៌មានថាស្ត្រីរូបនេះមានវិជ្ជមានកូវីដ-១៩ លោកក៏បានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវរកស្ត្រីរូបនេះ ដើម្បីយកមកព្យាបាលនិងសួរនាំ ថាតើគាត់ធ្វើការក្នុងរោងចក្រមួយណានៅក្នុងខេត្តកំពង់ឆ្នាំង ឲ្យបានច្បាស់។ ការស្រាវជ្រាវរកស្ត្រីរយៈពេលពីរថ្ងៃ ទើបរកឃើញស្ត្រីខាងលើនេះ គឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ស្ត្រីឈ្មោះ ហង់សុីម គឺគាត់បានសម្រាកព្យាបាលជំងឺកូវីដ-១៩ ជាមួយនឹងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ រៀម សារ៉ាក់ អាយុ១៨ ឆ្នាំ។ ទាំងពីរនាក់ម្ដាយ និងកូន ធ្វើការនៅក្នុងរោងចក្រ ហីរ៉ាយហ្សិន អៅដរ (ខេមបូឌា) ដែលរោងចក្រនេះ មានទីតាំងស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ដោយឡែកឈ្មោះ រៀម សារ៉ាក់ ជាកូនរបស់ ហង់ សុីម បានមកធ្វើការនៅរោងចក្រខាងលើនេះដែរ តែមិនមែនជាកម្មកររោងចក្រនោះទេ គឺគាត់បានស៊ីឈ្នួលធ្វើការជាមួយថៅកែផ្សេង ដោយចូលធ្វើការនៅម៉ោង៧កន្លះព្រឹក និងចេញពីធ្វើការមុនកម្មករោងចក្រចេញ។ ឈ្មោះ រៀម សារ៉ាក់ បានបន្តធ្វើការនៅក្នុងរោងចក្រនេះរហូតដល់ថ្ងៃទី១៣ ខែមេសា ទើបឈប់សម្រាក។

ចំណែកម្ដាយរបស់គេឈ្មោះ ហង់ សុីម វិញបានឈប់សម្រាកតាំងពីថ្ងៃ ទី២ ខែមេសាមកម្ល៉េះ។ បច្ចុប្បន្នទាំងពីរនាក់ម្ដាយ និងកូនកំពុងសម្រាកព្យាបាលជំងឺកូវី-១៩ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា រោងចក្រខាងលើនេះ តាំងតែពីដើមមក គឺបានអនុវត្តវិធាន ការអនាម័យ ទាំងទីតាំងរោងចក្រ ក៏ដូចជាកម្មករកម្មការនី និងបុគ្គលិកបម្រើការងារនៅក្នុងរោងចក្រទាំងអស់ បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ តាំងពីដំបូងមក។ តែទោះ ជាយ៉ាងណាក៏ដោយ ចំពោះករណីខាងលើនេះ អាជ្ញាធរខេត្ត ដែលមានលោកអភិបាលខេត្ត ជាប្រធានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងមន្ទីរសុខាភិបាលខេត្ត កំពុងតែមានវិធានការទៅលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕