(ភ្នំពេញ)៖ អាជ្ញាធរបានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្ន ផ្សារបឹងត្របែកផ្លាហ្សា ដែលមានទីតាំងនៅខណ្ឌចំការមន ក្រោយទីតាំងនេះមានពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ។ នេះបើតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌចំការមន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា ផ្សារបឹងត្របែកផ្លាហ្សានេះ ត្រូវផ្អាកបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ ក៏បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក-កម្មករបម្រើការការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋបានចេញ-ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាក តេស្ដរកជំងឺកូវីដ១៩ ជាបន្ទាន់ ក្នុងបរិវេណវិទ្យាល័យបឹងត្របែកផ្លាហ្សា ព្រមទាំងត្រូវអនុវត្តវិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត៕