(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងបន្តការងារគ្រប់គ្រង អប់រំសាធារណៈមតិនៅក្នុងរយៈពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល បានបញ្ចេញផ្សាយនូវវីដេអូអប់រំថ្មីមួយទៀត ដែលមានចំណងជើងថា កូវីដ ១៩៖ រួមគ្នាអត់ធ្មត់និងសុខចិត្តលំបាករយៈពេលខ្លី ដើម្បីសេចក្តីសុខយូរអង្វែង»។

ក្នុងខ្លឹមសារវីដេអូបានបង្ហាញពី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៍កាចសាហាវ និងដែលជាសត្រូវលាក់មុខ ហើយបានឱ្យដឹងថា បច្ចុប្បន្នជំងឺនេះក៍បានកំពុងវាយលុក ប្រទេសកម្ពុជាហើយដោយមានអ្នកឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ និងក៍មានអ្នកស្លាប់ជាបន្តបន្ទាប់។ យើងអាចនិយាយបានថា កម្ពុជាបាននិងកំពុងស្ថិតនៅក្នុងគ្រោះអាសន្នដ៍ធំមួយ។ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺជាវិធានការដ៍ចាំបាច់បំផុតមួយដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់មេរោគនេះ ក្នុងន័យថា ប្រសិនបើ៖ «មានការអនុគ្រោះយល់យោគពេកទៅ គឺជាអំពើឃោរឃៅធ្វើបាបប្រជាជននិងប្រទេសជាតិទាំងមូលទៅវិញទេ»

ម៉្យាងវិញទៀត ក្នុងរយៈពេល១៤ ថ្ងៃនៃការបិទខ្ទប់នេះ ក៏គឺជាវិញ្ញាសារដ៏សំខាន់មួយដើម្បីវាស់ស្ទង់ពីជោគជ័យ ឬបរាជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩។ ហើយជោគជ័យ ឬបរាជ័យ គឺអាស្រ័យទាំងស្រុងលើការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ពោល គឺប្រសិនបើប្រជាពលរដ្ឋខ្មែរគ្រប់គ្នាអត់ធ្មត់បាន ហើយចូលរួមអនុវត្តវិធានការនេះឲ្យបានខ្ជាប់ខ្ជួន ព្រឹត្តិការណ៍ ២០ កុម្ភៈក៍អាចបិទបញ្ចប់ទៅវិញនាពេលឆាប់ៗខាងមុខ។

ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋខ្វះការអត់ធ្មត់ និងមិនចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទេ គ្រោះអាសន្នធំនឹងចូលមកដល់ ពេលនោះ យើងទាំងអស់គ្នានឹងច្បាស់ជាទទួលរងទុក្ខលំបាកក្នុងរយៈពេលវែងដែលពិបាកស្តារ និងពិបាករកទីបញ្ចប់ជាក់ជាមិនខាន។ ដូច្នេះ ដើម្បីអាចយកឈ្នះជំងឺឆ្លងដ៏កាចសាហាវនេះបាន វិធានការដ៏មានប្រសិទ្ធភាពបំផុត គឺមានតែការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចហើយ។

ទោះជាយ៉ាងណា យើងសង្ឃឹមជឿជាក់ថា «ខ្មែរអាចធ្វើបាន» អាចយកឈ្នះកូវីដ-១៩បានដោយគ្រាន់តែនាំគ្នាអត់ធ្មត់និងទ្រាំលំបាករយៈពេលខ្លី ដោយចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ ពេលដែលយើងយកឈ្នះកូវីដ-១៩ បានហើយ អ្វីៗនឹងវិលមករកភាពប្រក្រតីឡើងវិញ ហើយការងារ មុខរបរអាជីវកម្ម និងការជួបជុំកម្សាន្តសប្បាយនានានឹងវិលមករកយើងវិញជាក់ជាមិនខាន។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែអត់ធ្មត់និងសុខចិត្តលំបាករយៈពេលខ្លីដើម្បីសេចក្តីសុខរយៈពេលវែង៕
សូមទស្សនាវីដេអូ ដូចតទៅ៖