(ភ្នំពេញ)៖ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល បានចេញសម្រេចដោយអនុញ្ញាតឱ្យមន្ដ្រីតុលាការកំពូល និងមហាអយ្យការអមសាលាកំពូលទាំងអស់ បំពេញការងារពីចម្ងាយ ឬតាមប្រព័ន្ធអនឡាញ ក្នុងរយៈពេលបិទខ្ទប់ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយមិនចាំបាច់មកបំពេញការងារក្នុងស្ថាប័ននោះទេ។

បើតាមសេចក្តីសម្រេចរបស់លោកកិតិ្តនីតិកោសលបណ្ឌិត ឌិត មុន្ទី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា ការសម្រេចបែបនេះ របស់ប្រធានតុលាការកំពូល គឺធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងស្ថាប័នតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល។

ក្នុងសេចក្តីសម្រេចដដែល បានបញ្ជាក់ថា ត្រូវបានចាត់តាំងមន្ត្រីរដ្ឋបាលឱ្យមកប្រចាំការតាមវេន នៅតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ចំនួន៣វេនផងដែរ។ ខណៈមន្ត្រីប្រចាំការតាមវេន ត្រូវទទួលឯកសារ ពាក្យបណ្តឹង ឬព័ត៌មានផ្សេងៗ ហើយថតចម្លងផ្ញើជូនប្រធានតុលាការកំពូល តាមរយៈប្រព័ន្ធអនឡាញ ដើម្បីចាត់ការផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់តុលាការកំពូល៖