(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាឱ្យសមត្ថកិច្ចចាប់យុវជន៤នាក់ ដែលបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំលេងសប្បាយល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល

ការបញ្ជាឱ្យចាប់ខ្លួនបុរស៤នាក់ របស់លោកអភិបាលខេត្ត បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោកអភិបាលខេត្តតាកែវ បានឱ្យដឹងថា «មូលហេតុដែលលោកបញ្ជាឱ្យសមត្ថកិច្ចវ៉ៃខ្នោះយុវជនទាំង ៤នាក់ខាងលើ បន្ទាប់ពីពួកគេមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរជាពិសេសពីសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលមិនឱ្យមានការជួបជុំផឹកស៊ីដែលនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

បច្ចុប្បន្ននេះ យុវជនទាំង ៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថស្រុកសំរោង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕