(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការនិរាករណ៍ សេចក្តីសម្រេចលេខ ០១៨ សហវ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តវិធានការ គោលនយោបាយអន្តរាគមន៍ជំនួយសង្គម របស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

សេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវទុកជានិរាករណ៍សេចក្តីសម្រេចលេខ ០១៨ សហវ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គម របស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដោយអនុវត្តនូវជំនួយសង្គ្រោះបន្ទាន់ ដូចមានចែងក្នុងសេចក្តីណែនាំលេខ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្តីពីវិធានការលម្អិត ដើម្បីរិតបង្តឹងការអនុវត្តសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជំនួសវិញ»

ក្រសួងសេដ្ឋកិច្ចបន្ថែមថា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម, នាយកខុទ្ទកាល័យ, អគ្គលេខាធិការ, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន, អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕