(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យអាជ្ញាធរ កំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម»។ នេះបើតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

យោងតាមប្រការ៣ នៃសេចក្តីសម្រេចខាងលើ ទន្ទឹមនឹងការកំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម» សម្តេចតេជោ ហ៊ុន សែន បានឲ្យអាជ្ញាធរ ត្រូវរឹតបន្តឹងការអនុវត្តវិធានការលម្អិត ឲ្យបានម៉ឺងម៉ាត់នៅក្នុងតំបន់ក្រហមនេះ ដូចខាងក្រោម៖

* បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡា នៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន លើកលែងតែការធ្វើដំណើរ ក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

* ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុងតំបន់ក្រហម ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារដូចតទៅនេះ ដែលត្រូវបានអនុញ្ញាត ឱ្យដំណើរការជាធម្មតា៖ ១៖ សេវាពន្លត់អគ្គិភ័យ, ២៖ សេវាផ្គត់ផ្គង់អគ្គិសនី, ៣៖ សេវាផ្គត់ផ្គង់ទឹកស្អាត, ៤៖ សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ដោយរួមទាំងឱសថស្ថានផង, ៥៖ ទីតាំងផលិតនិងផ្គត់ផ្គង់ អាល់កុល និងអុកស៊ីហ្សែន, ៦៖ ទីតាំងផលិត និងផ្គត់ផ្គង់មី, ៧៖ ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ, ៨៖ សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់, ៩៖ សេវាផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខាពេទ្យ និង១០៖ សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង។

* ហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់តំបន់ក្រហមនេះទាំងអស់ លើកលែងតែ៖

១៖ ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
២៖ ការធ្វើដំណើរដែលទាក់ទងនឹង សកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ដែលរៀបចំដោយ គ.ប.ខ. ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាបេសកកម្ម ដែលចេញដោយគណៈកម្មការប្រតិបត្តិ នៃ គ.ប.ខ.
៣៖ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាលទាំងរដ្ឋ និងឯកជន ដោយរួមទាំង ផ្នែកឱសថស្ថាន ដោយមានលិខិតអនុញ្ញាតចេញដោយក្រសួងសុខាភិបាល ៤៖ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិក នៃសេវាពន្លត់អគ្គិភ័យ
៥៖ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិក នៃសេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត និងសេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
៦៖ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកដើម្បីចេញ-ចូល ទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
៧៖ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិក នៃសេវាសង្គ្រោះបន្ទាន់ទាំងរដ្ឋ និងឯកជន ដោយមានលិខិតអនុញ្ញាត ចេញដោយក្រសួងសុខាភិបាល
៨៖ ការធ្វើដំណើររបស់បុគ្គលិក នៃទីតាំងផលិត និងផ្គត់ផ្គង់មី ដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិ នៃគ.ប.ខ
៩៖ ការធ្វើដំណើររបស់បុគ្គលិក នៃទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែនដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិនៃ គ.ប.ម. និង
១០៖ ការធ្វើដំណើររបស់បុគ្គលិកលក់ និងចែកចាយហ្គាសសម្រាប់ចម្អិនអាហារ ដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ.។

* ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរ និងវិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មខាងលើនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវ មធ្យោបាយធ្វើដំណើរ និងទណ្ឌកម្ម
រដ្ឋបាលផ្សេងទៀត ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង៕

*** តាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News !
Join US: https://t.me/freshnewsasia