(ភ្នំពេញ)៖ ក្រុមការងារទំនាក់ទំនងសាធារណៈ នៃមន្ទីរពេទ្យកាល់ម៉ែត សូមប្រកាសច្រានចោលទាំងស្រុងនូវខ្លឹមសារបំផ្លើសការពិត ដែល Facebook ឈ្មោះ «កូន មានវាសនា» បានផ្សាយព័ត៌មានមិនពិតជាសាធារណៈ ចោទប្រកាន់មកលើបុគ្គលិកសុខាភិបាលថា មិនទទួលព្យាបាលនិងទុកអ្នកជំងឺឲ្យស្លាប់ ករណីសពឈ្មោះ ផិត ថាឡែន ភេទស្រី អាយុ៣២ឆ្នាំ ដែលដឹកមកដល់មន្ទីរពេទ្យ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤និង៥០នាទី។

ក្រុមការងារសូមបញ្ជាក់ការពិត៖ ករណីសពខាងលើបានទទួលមរណភាព មុនមកដល់មន្ទីរពេទ្យ (Mourant entrant) រួចទៅហើយ។ ឯក្រុមគ្រួសារនៃសព បានទទួលការពន្យល់ពីក្រុមគ្រូពេទ្យអំពីមរណភាព មុនមកដល់មន្ទីរពេទ្យកាល់ម៉ែតរបស់សពផងដែរ។ តែបុគ្គល ដេវីត ឆាយណាវ៉ា (David Chanawa) បានមកដល់ក្រោយគេ ក៏ធ្វើការផ្សាយផ្ទាល់ទាំងបំពានការពិតតែម្តង។

អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជនមេត្តាជ្រាប៕ សូមអរគុណ