(ភ្នំពេញ)៖ សមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយពន្យល់ជុំវិញបញ្ហា តម្លៃត្រីលក់រាយនៅលើទីផ្សារ ដោយសារ ២-៣ថ្ងៃ កន្លងមកនេះតម្លៃត្រីលក់រាយនៅលើទីផ្សារ មានការឡើងថ្លៃហក់ឡើង។

សេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា សមាគមវារីវប្បករនៅកម្ពុជា សូមជម្រាបសាធារណជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធជ្រាបថា ២-៣ថ្ងៃ កន្លងមកនេះ តម្លៃត្រីលក់រាយនៅលើទីផ្សារ មានការឡើងថ្លៃខ្ពស់គួរឲ្យបារម្ភ។

ទន្ទឹមនឹងនេះមានសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមមួយចំនួន បានធ្វើសេចក្តីសន្និដ្ឋានមិនត្រឹមត្រូវដែលថា ការឡើងត្រីនេះ បណ្តាលមកពីកម្ពុជាខ្វះត្រី សម្រាប់ផ្គត់ផ្គង់ទីផ្សារ ហើយបានទាមទារឲ្យមានការបើកការនាំចូលត្រី ដោយទ្រង់ទ្រាយធំពីប្រទេសជិតខាងទៀតផង។

សមាគមវារីវប្បករកម្ពុជា សូមជម្រាបថា ក្នុងពេលបច្ចុប្បន្ននេះ បងប្អូនវារីវប្បករយើង នៅទូទាំងប្រទេស មានត្រីកកស្ទះរាប់ពាន់តោន នៅក្នុងស្រះនៅឡើយចាប់តាំងពីខែមករា ឆ្នាំ ២០២១ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ឯតម្លៃលក់ចេញពីស្រះ របស់បងប្អូនវារីវប្បករយើង គឺមិនមានការតម្លើងថ្លៃទាល់តែសោះ។

តម្លៃត្រីលក់រាយក្នុងទីផ្សារឡើងថ្លៃ ក្នុងពេលថ្មីៗនេះ បណ្តាលមកពី៖

១៖ ការដឹកជញ្ជូនផលិតផលជលផលតាមដងផ្លូវ មកដល់កន្លែងស្តុកចែកចាយនៅភ្នំពេញ កំពុងជួបប្រទះការលំបាកជាច្រើន អាស្រ័យដោយមានការបិទខ្ទប់ ការធ្វើចរាចរណ៍ដែលធ្វើឲ្យមានការយឺតយ៉ាវ។

២៖ អ្នកចែកចាយតូចៗ តាមបណ្តាខេត្តជុំវិញភ្នំពេញ និងនៅក្នុងក្រុងភ្នំពេញ មានការលំបាកក្នុងធ្វើដំណើរចូល មកកាន់កន្លែងស្តុកចែកចាយផលិតផលជលផលនៅភ្នំពេញ ដើម្បីទទួលយកត្រីគ្រប់ប្រភេទ ទៅចែកចាយបន្តតាមផ្សារនានា។

៣៖ ការលួចនាំចូលត្រីដោយខុសច្បាប់ និងការបន្លំនានា មិនអាចធ្វើច្រើនបានដូចកាលពីមុនទៀតទេ។

សមាគមវារីវប្បករនៅកម្ពុជា សំណូមពរដល់ភ្នាក់ងារសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ បន្តការរឹតបន្ដឹងការនាំចូលត្រីខុសច្បាប់ និង សូមមេត្តាជួយសម្រួលការដឹកជញ្ជូន ការចុះចាប់ត្រីនៅតាមស្រះ និងការមកទទួលយកត្រី ទៅចែកចាយបន្តតាមទីផ្សារនានា ដើម្បីធានាឲ្យការផ្គត់ផ្គង់ត្រី នៅលើទីផ្សារនានាវិលមកកាន់ស្ថានភាពដើមវិញ។

សមាគមវារីវប្បករនៅកម្ពុជា នឹងសហការជាមួយអាជីវករទាំងអស់គ្រប់ពេល ប្រសិនបើចង់បានលេខទំនាក់ទំនងអ្នកចិញ្ចឹមត្រី ទីកន្លែងមានត្រីលក់ និងប្រភេទត្រី ដែលមាននៅក្នុងស្រះដែលអាចចាប់លក់បាន៕