(ភ្នំពេញ)៖ សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬឆាយា ជូនមន្ដ្រីនៅកន្លែងចាក់វ៉ាក់សាំង ក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ។

ក្នុងករណីឯកសារទាំងនោះ មិនបានយកជាប់ខ្លួន ដោយសារវិធានការបិទខ្ទប់រាជរដ្ឋាភិបាល បុគ្គលនោះអាចបង្ហាញឯកសារទាំងនេះ តាមប្រព័ន្ធអេឡិកត្រូនិចបាន។ មានន័យថា បុគ្គលនោះគ្រាន់តែថតឯកសារដែលតម្រូវការចាំបាច់ ពិសេសប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងឯកសារសម្គាល់ខ្លួន តាមរយៈទូរស័ព្ទដៃ ដើម្បីបង្ហាញជូនមន្ដ្រីជាការសម្រេច។

ក្រសួងសុខាភិបាល បានបន្ថែមទៀតថា អាជ្ញាធរមានសមត្ថកិច្ច នៃទីតាំងចាក់វ៉ាក់សាងកូវីដ១៩ ត្រូវចេញលិខិតបញ្ជាក់ថា បុគ្គលនោះ ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ដោយក្នុងលិខិតបញ្ជាក់ត្រូវសរសេរឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត ភេទ អាសយដ្ឋានរបស់បុគ្គលនោះ និងកាលបរិច្ឆេទទីតាំង នៃការចាក់វ៉ាក់សាំងដូសទី២ និងឈ្មោះវ៉ាក់សាំងដែលបានចាក់ដូសទី២ នៅទីតាំងរបស់ខ្លួនរួចហើយនោះ ព្រមទាំងមានដាក់ឈ្មោះអ្នកទទួលខុសត្រូវ ដែលចេញលិខិតបញ្ជាក់នោះ និងមានចុះហត្ថលេខា។

គួរជម្រាប ដោយសារវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្ត-រាជធានីនោះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងថ្មី ពីដំណើរការនៃការចាក់វ៉ាក់សាំងដូសទី២ នៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅនោះតែម្ដង ដោយមិនតម្រូវឲ្យទៅចាក់វ៉ាក់សាំង នៅកន្លែងដែលពួកគេចាក់លើកទី១នោះទេ។

ដំណើរការនៃការចាក់វ៉ាក់សាំងដូសទី២ (ស៉ីណូវ៉ាក់ និងស៉ីណូហ្វាម) នៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១៕