(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីការទទួលមរណភាពរបស់លោក គិន លី មន្ត្រីចូលនិវត្តន៍ ដែលជាអតីតប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវី៥-១៩។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា លោក គិន លី បានចូលបម្រើក្នុងអង្គភាពគយ ចាប់តាំងពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩០។ លោក បានបំពេញភារកិច្ចជាច្រើនកន្លែង និងត្រូវបានដំឡើងឋានៈជាបន្តបន្ទាប់។ ជាចុងក្រោយ លោកបានបំពេញភារកិច្ចក្នុងតួនាទីជាប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១១ រហូតដល់ថ្ងៃលោក ចូលនិវត្តន៍ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

អគ្គនាយកដ្ឋានគយបានបន្ថែមថា ក្នុងមួយជីវិតនៃការបម្រើអង្គភាព លោក គិន លី បានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចដោយភាពស្មោះត្រង់ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងមានសីលធម៌រស់នៅល្អ ហើយបានបន្សល់ទុកនូវស្នាដៃជាច្រើនគួរជាទីចងចាំសម្រាប់អង្គភាព និងអ្នកជំនាន់ក្រោយ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកស្រី លឹម សុខជាង និងសមាជិកក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់ ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួននាពេលនេះ។

ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមឲ្យលោកស្រី លឹម សុខជាង ភរិយារបស់លោក គិន លី និងបុត្រី ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ត្រូវពង្រឹងស្មារតីឱ្យបានរឹងមាំ និង រក្សាសុខភាពឱ្យបានល្អ ព្រមទាំងទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យ ដែលកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត និងសូមឆាប់បានជាសះស្បើយ ពីជំងឺដ៏កាចសាហាវនេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវចូលរួមអនុវត្ត ឱ្យបានហ្មត់ចត់ជាទីបំផុតនូវវិធានការ «៣ការពារ និង៣កុំ» តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕