(ភ្នំពេញ)៖ លោក ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានផ្ញើលិខិតថ្លែងអំណរគុណជូន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដែលជួយជំរុញការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ មន្ដ្រីរាជការ ព្រះសង្ឃ មន្ដ្រីកិច្ចសន្យាទាំងអស់របស់ ក្រសួងធម្មការ បានបញ្ចប់ដោយជោគជ័យ។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

រដ្ឋមន្ដ្រីក្រសួងធម្មការ បានថ្លែងអំណរគុណដល់ លោកស្រី ឱ វណ្ណឌី និងក្រុមការងារ ដែលបានចំណាយកម្លាំងកាយកម្លាំងចិត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការព្រះមន្ត្រីសង្ឃ មន្ត្រីកិច្ចសន្យាទាំងអស់ នៅក្រសួងធម្មការ និងសាសនា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោករដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចំពោះកិច្ច
ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានជួយជំរុញឱ្យយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវី-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះមន្ត្រីសង្ឃ មន្ត្រីកិច្ចសន្យាទាំងអស់ នៃក្រសួងធម្មការ និងសាសនា និងបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានសុវត្ថិភាព»។

ជាថ្មីម្តងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះមន្ត្រីសង្ឃ មន្ត្រីកិច្ចសន្យាទាំងអស់នៃក្រសួងធម្មការ និងសាសនា សូមថ្លែងអំណរគុណចំពោះ លោកជំទាវវេជ្ជបណ្ឌិត និងក្រុមការងារ ដែលបាននឹងកំពុងការពារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក និងសូមជូនពរ លោកជំទាវវេជ្ជបណ្ឌិត និងក្រុមការងារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕