(ភ្នំពេញ)៖ សមាគមវារីវប្បករនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២១នេះ បងប្អូនវារីវប្បករដែលជាសមាជិកសមាគមត្រឹមតែ២៧៣កន្លែង មានត្រីបួនប្រភេទ (ប្រា ពោ ឆ្ពោះ និងអណ្តែង) សរុប ១២ ៤៨៥ តោន ដល់ពេលត្រូវចាប់លក់ហើយ។

សមាគមវារីវប្បករនៅកម្ពុជា បានបន្ថែមទៀតថា ក្នុងនាមជនរួមឈាមខ្មែរតែមួយ បងប្អូនវារីវប្បករកម្ពុជាយើង មិនដែលកេងយកចំណេញហួសប្រមាណ ក្នុងកាលៈទេសៈដែលប្រទេសយើងកំពុងជួបប្រទះ នូវវិបត្តិសកលនៃជំងឺកូវីដ-១៩ នេះទេ។

សមាគមវារីវប្បករកម្ពុជាលើកឡើងថា «នៅក្នុងខែមេសា ឆ្នាំ២០២១នេះ បងប្អូនវារីវប្បករ ដែលជាសមាជិក សមាគមត្រឹមតែ២៧៣កន្លែង មានត្រីបួនប្រភេទ(ប្រា ពោ ឆ្ពោះ និងអណ្តែង) សរុប ១២ ៤៨៥ តោន ដែលដល់ពេលត្រូវចាប់លក់ ហើយមកដល់ថ្ងៃនេះ ត្រីទាំងបួនប្រភេទមានដល់ជាង៩០% នៅកកស្ទះក្នុងស្រះនៅឡើយ។ តម្លៃលក់ត្រីចេញពីស្រះ របស់បងប្អូនវារីវប្បករកម្ពុជាយើង គឺមិនមានការតម្លើងថ្លៃទាល់តែសោះ»

តម្លៃត្រីសំខាន់ៗ ក្នុងទីផ្សារលក់ចេញពីស្រះ ក្នុងខែមេសានេះគឺ៖

១៖ ត្រីប្រា មានតម្លៃពី៤០០០រៀល ទៅ៤២០០រៀល
២៖ ត្រីពោ មានតម្លៃចាប់ពី៥៨០០រៀល ដល់៦០០០រៀល
៣៖ ត្រីអណ្តែង មានតម្លៃចាប់ពី៣៨០០រៀល ដល់៤៥០០រៀល
៤៖ ត្រីឆ្ពោះមានតម្លៃចាប់ពី៩២០០រៀល ដល់១០២០០រៀល

តម្លៃត្រីដែលលក់ចេញពីស្រះខាងលើនេះ បងប្អូនវារីវប្បករយើង នៅពុំទាន់រួចថ្លៃដើមផលិតនៅឡើយទេ ប៉ុន្តែត្រូវបង្ខំចិត្តលក់ ព្រោះបងប្អូនយើងមានកាតព្វកិច្ច ត្រូវបង់ប្រាក់សងធនាគារ បង់ថ្លៃទិញចំណីត្រី ប្រឈមការ បំរែបំរួលអាកាសសួធាតុ និងត្រីមួយចំនួនអាចធំ ហួសកម្រិតដែលទីផ្សារចង់បានទៀតផង។

ជាមួយគ្នានេះ សមាគមវារីវប្បករនៅកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិកម្ពុជាទាំងអស់ បន្តជួយគាំទ្រផលិតផលក្នុងស្រុក៕