(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានប្រាប់ទៅមន្ត្រីពាក់ព័ន្ធទូទាំងខេត្ត ឱ្យបន្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូល ខេត្តបាត់ដំបង ជាបណ្តោះអាសន្នសម្រាប់រយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

បើតាមលិខិតរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះថ្ងៃទី២០ ខែមេសានេះ បានបញ្ជាក់ថា ចំពោះវិធានការរដ្ឋបាល ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលល្មើស ដែលប្រើប្រាស់មធ្យោបាយផ្សេងៗ ធ្វើដំណើរតាមផ្លូវជនបទ ផ្លូវលំនានាតាមភូមិ ឃុំ ស្រុក ដើម្បីបង្វែងដានអាជ្ញាធរ សមត្ថកិច្ច ហើយសម្ងំលាក់ខ្លួននៅក្នុងសហគមន៍ ភូមិ ឃុំ សង្កាត់ ដែលអាចនាំមកនូវការរីករាលជំងឺកូវីដ-១៩។

ក៏ប៉ុន្តែ ការហាមឃាត់ការធ្វើដំណើរនេះ ត្រូវបានលើកលែកចំពោះ៖

* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងផ្លូវគោក ផ្លូទឹក និងផ្លូវដែក
* ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ច ត្រួតពិនិត្យបណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។
* ការធ្វើដំណើររបស់កងកម្លាំងប្រដាប់ធអាវុធគ្រប់ប្រភេទ ក្នុងគោដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករដែលធ្វើដំណើរវិលត្រឡប់មកពីក្រៅប្រទេស ចូលមកក្នុងប្រទេសកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
* រថយន្តពន្លត់អគ្គីភ័យ
* រថយន្តបម្រើសេវាកម្មដឹកសំរាម និងកាកសំណល់
* ការដឹកជញ្ជូនកម្មករទៅកាន់កន្លែងធ្វើការនៅតាមរោងចក្រ សហគ្រាស ដែលមានបណ្ណអនុញ្ញាតចេញចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់មនុស្សមិនឱ្យលើស៤នាក់ សម្រាប់ករណីនីមួយៗ
* ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងៗទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕