(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចាប់វាយខ្នោះមន្រ្តីយោធាម្នាក់ ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំគោលដៅទៀតផង។ សម្រាប់ជនសង្ស័យដែលជាមន្រ្តីយោធារូបនេះ នឹងត្រូវចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News ថា ជនបង្ករូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១។

លោកបានបញ្ជាក់ថា ជនបង្កបានបើកបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថមើលងាយ និងវាយបង្កបួសស្នាមមកលើសមត្ថកិច្ចទៀតផង។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដើម្បីសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យការពារជាតិ បានឲ្យដឹងថា មន្ដ្រីយោធារូបនេះ មានបញ្ហាខួរក្បាលមិនសូវប្រក្រតី ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង កាលឆ្នាំ២០១៦ បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយព្យាបាលមកដល់មន្ដ្រីយោធានេះ មិនបានចូលអង្គភាពធ្វើការឡើយ។

តាមរយៈលិខិតរបស់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកុសុមៈ បានបង្ហាញថា ឈ្មោះ ខៀវ ចាន់សុភ័ក្រ្ដា ពិតជាមានជំងឺផ្លូវចិត្តប្រាកដមែន ហើយតម្រូវឲ្យលេបថ្នាំជាប្រចាំថ្ងៃផងដែរ៕