(ភ្នំពេញ)៖ មន្ដ្រីយោធាដែលត្រូវចាប់ខ្លួន ពេលជិះបុកបារ៉ាស់សមត្ថកិច្ច ជាមនុស្សមានបញ្ហាខួរក្បាល ព្រោះធ្លាប់គ្រោះថ្នាក់ចរាចរណ៍ស្លាប់សមាជិកគ្រួសារ និងកូន ហើយក្រោយមានហេតុការណ៍ដ៏រន្ធត់នេះ ប្រពន្ធក៏កើតជំងឺផ្លូវចិត្ត រហូតបានលែងលះគ្នាទៀត។

យោងតាមលិខិតរបស់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរព្រះកុសុមៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបង្ហាញថា មន្ដ្រីយោធាឈ្មោះ ខៀវ ចាន់សុភក្រ្ដា ជាមនុស្សមានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្តប្រាកដមែន ហើយតម្រូវឲ្យលេបថ្នាំជាប់រៀងរាល់ថ្ងៃ។

មូលហេតុដែលបុគ្គលរូបនេះ មានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្ត ដោយសារតែអំឡុងឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មានបញ្ហាសតិដូចគ្នានេះដែរ។

ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ លោកមិនទាន់សម្រេចយ៉ាងណានោះទេ ពោលទុកឲ្យស្ថាប័នតុលាការជាអ្នកសម្រេចតាមផ្លូវច្បាប់ ក្រោយពេលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ។

គួរជម្រាបថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចាប់វាយខ្នោះមន្រ្តីយោធារូបនេះ ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំគោលដៅទៀតផង។ សម្រាប់ជនសង្ស័យដែលជាមន្រ្តីយោធារូបនេះ នឹងត្រូវចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News ថា ជនបង្ករូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ។ លោកបញ្ជាក់ថា ជនបង្កបានបើកបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថមើលងាយ និងវាយបង្កបួសស្នាមមកលើសមត្ថកិច្ចទៀតផង។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដើម្បីសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ។

ដោយឡែក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភជាថវិកាដល់កម្លាំងក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួនជនសង្ស័យដែលប្រព្រឹត្តិបទល្មើសហិង្សា នៅគោលដៅរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារផងដែរ។

ឧត្តមសេនីយ៍ឯក ស ថេត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់មន្រ្តីចំនួន០៤រូប៖

*ទី១៖ លោកអនុសេនីយ៍ឯក វែង រីណា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ (ជនរងគ្រោះ) ចំនួន១លានរៀល
*ទី២៖ លោកអនុសេនីយ៍ឯក កែវ សុខជា មន្រ្តីអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចំនួន៥០ម៉ឺនរៀល
*ទី៣៖ លោកអនុសេនីយ៍ឯក លីន លី មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោកចំនួន ៥០ម៉ឺនរៀល
*ទី៤៖ លោក ឯល សុភ័ក្រ្ត មន្រ្តីកិច្ចសន្យា ចំនួន៥០ម៉ឺនរៀល។ ក្នុងនោះ លោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ក៏បានឧបត្តម្ភថវិការចំនួន១លានរៀលដល់ លោកអនុសេនីយ៍ឯក វែង រីណា ដែលជាជនរងគ្រោះផងដែរ៕