(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៤៣១នាក់ ក្នុងនោះមាន២នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ៤២៩នាក់ផ្សេងទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២៧១នាក់, ខេត្តកំពង់ចាម ៤នាក់, ខេត្តកំពង់ឆ្នាំង ១នាក់, ខេត្តកំពង់ធំម្នាក់ ១នាក់, ខេត្តកំពត ១នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តតាកែវ ៤នាក់, ខេត្តត្បូងឃ្មុំ ១នាក់, ខេត្តកណ្តាល ១០នាក់ និងខេត្តព្រះសីហនុ ១៣៣នាក់។

សម្រាប់អ្នកជាសះស្បើយទាំង ៣១នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ៤៤៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៦ ៨៩៩នាក់, អ្នកជាសះស្បើយចំនួន ២ ៥៥៥នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៨៣៥នាក់, អ្នកស្លាប់ចំនួន ៤៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕