(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ដោយសារតែជំងឺនេះ ពេលឆ្លងវាទៅ និងពេលស្លាប់មិនមានញាតិមិត្ត បងប្អូនទៅមើថែ និងទៅធ្វើបុណ្យជូន ដូចកាលពីមិនមានជម្ងឺកូវីដនោះទេ។

ការស្នើសុំបែបនេះរបស់លោកស្រី ម៉ែន សំអន បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ខណៈដែលលោកស្រី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខណ្ឌទួលគោក ចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៦០០គ្រួសារ ដែលបាននិងកំពុងបិទខ្ទប់ដើម្បីបង្ការទប់ស្កាត់ជំងឺ-១៩ នៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកស្រី ម៉ែន សំអន បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន បានគិតគូរនិងព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើកច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ ។ ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន គឺ ៣កុំ និង៣ការពារ។

លោកស្រី ម៉ែន សំអន បញ្ជាក់ផងដែរថា «ជំងឺដ៏កាចសាហាវនេះ នៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកទៅធ្វើបុណ្យដូចកាលពីមិនទាន់មានកូវីដ-១៩ដែរ»

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលទទួលអំណោយរបស់សម្ដេចតេជោនៅពេលនេះ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១៤ ភូមិ១៦ និង១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានចំនួន ៦០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ មី ទឹកត្រី និងទឹកស៉ីអ៉ីវ ដើម្បីចូលរួមរំលែកនូវការលំបាក ពេលដែលបងប្អូនត្រូវបានរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបិទខ្ទប់មិនឲ្យចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕