(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់កងកម្លាំងសមត្ថកិច្ច ដែលឈរជើងតាមគោលដៅត្រួតពិនិត្យ នៅតាមព្រំប្រទល់ទាំងអស់ ជាប់ខេត្តឧត្តរមានជ័យ ត្រូវធ្វើការទប់ស្កាត់ឱ្យបានការរត់ពន្ធមនុស្សចេញ ចូលតំបន់ហាមឃាត់ទោះប្រើប្រាស់រូបភាពណាក៏ដោយ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តតាមប្រព័ន្ធ ZOOM នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ លោក ប៉ែន កុសល្យ បានណែនាំយ៉ាងដូច្នេះថា៖ «គ្រប់ស្ថាប័ន មន្ទីរ អង្គភាព ទាំងអស់ ត្រូវពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តន៍តួនាទី ភារកិច្ចស្នូលតាមជំនាញ និងផ្នែករបស់ខ្លួនឱ្យមានប្រសិទ្ធិភាព។ ពិសេសត្រូវទប់ស្កាត់ឱ្យបាន នូវការរត់ពន្ធមនុស្សចេញ-ចូល ក្នុងតំបន់ហាមឃាត់ ដែលជ្រកក្រោមស្លាកមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ»

លោកអភិបាលខេត្ត បានលើកឡើងទៀតថា ក្នុងទិសដៅអនុវត្តន៍បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធិភាពខ្ពស់ រដ្ឋបាលខេត្តបានដាក់ចេញនូវបទបញ្ជាបន្ទាន់រួមមាន៖ កងកម្លាំងទាំង ៣ប្រភេទ របស់រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពតាមក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តន៍ច្បាប់ និងវិធានការនានា ដែលបានដាក់ចេញឱ្យបានមុឺងម៉ាត់បំផុត ពិសេសពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ (គ្រប់គ្រងចំណូល និងចំណាកស្រុកឱ្យបានច្បាស់លាស់)។ ក្នុងករណីកើតមានហេតុការណ៍ នៅមូលដ្ឋានណាមួយ ដោយសារការទ្វេសប្រហែស ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួននោះ មូលដ្ឋាននោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

បន្ថែមពីនេះ លោក ប៉ែន កុសល្យ ក៏បានណែនាំដល់កងកម្លាំងទាំង៣ ដែលកំពុងឈរជើងតាមគោលដៅទប់ស្កាត់ ការចេញ-ចូលឆ្លងកាត់ខេត្ត ត្រូវពង្រឹងការរក្សាអនាម័យផ្ទាល់ខ្លួន ដោយអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្នុងទិសដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសចក្តីសម្រេចបន្តការហាមឃាត់ការធ្វើដំណើរ និងបិតរម្មណីយដ្ឋានានា នៅទូទាំងខេត្ត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បន្តទៅទៀត៕