(សៀមរាប)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ ក្រុមយុវជនខេត្តសៀមរាប ដែលមានការគាំទ្រពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា បានចុះចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ស្ថិតក្នុងសង្កាត់ទាំង៣ ត្រូវបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្រុមការងារ ដែលចុះចែកនេះ គឺក្រោមកិច្ចសហការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្រុមការងារយុវជនតោះទៅលេងសៀមរាប ក្រុមការងារសាលា GoGlobal និងសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប តាមរយៈការគាំទ្រពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា និងការចូលរួមពីសប្បុរសជននានាក្នុងខេត្ត។

កញ្ចប់សប្បុរសធម៌ ដែលចុះចែកនៅពេលនោះរួមមាន ស្បៀងអាហារតម្រូវការប្រចាំថ្ងៃ ដូចជា អង្ករ សាច់ជ្រូក ពងមាន់ ពងទា មី នំបុ័ង ទឹកដោះគោខាប់ ទឹកត្រី ទឹកស៊ីអ៉ីវ ស្ករស អំបិល ខ្លឹមស ថ្នាំពេទ្យ និងបន្លែផ្លែឈើហូបផ្លែមួយចំនួនទៀត។

ជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈនោះទេ តែវាបានប៉ះពាល់ដល់ជីវភាពប្រជាជនទូទាំងសកលលោក។ ប្រជាជនដែលមានជីវភាពខ្សត់ខ្សោយប្រឈមខ្ពស់ជាមួយនឹងឱកាសនៃការឆ្លងជំងឺកូវីដ-១៩ រួមទាំងកត្តាជីវភាព កាន់ធ្លាប់ដុនដាបកាន់តែថែមទៀត។

តំណាងយុវជន លោក ស៊ុន ចំណាន ដែលចុះចែកអំណោយតាមខ្នងផ្ទះនៅពេលនោះ លើកឡើងថា វប្បធម៌នៃការចែករំលែកក្នុងសង្គមខ្មែរ គឺបានចាក់គ្រឹះយ៉ាងរឹងមាំគ្រប់មនុស្ស គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ដែលតែងតែចេះជួយយកអាសារគ្នា។

លោកបន្ថែមថា ស្ថិតក្នុងកាលៈទេសៈនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺកាន់តែធ្វើឲ្យស្មារតីនៃការចេះជួយយកអាសារគ្នា ការសាមគ្គីគ្នាកាន់តែខ្លាំងខ្លាថែមទៀត ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩មិនឲ្យឆ្លងរាលដាលទៅអ្នកនៅជុំវិញ និងជួយគ្នាជា ស្បៀងអាហារ ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃដែលខានមិនបាន។

ជាងនេះទៅទៀតនោះ ក្រុមការងារក៏នឹងបន្តយកគោលជំហរ លើកទឹកចិត្តទិញនូវកសិផលពីតាមមូលដ្ឋាន ដែលពិបាករកទីផ្សារ ហើយយកមករៀបចំជាកញ្ចប់អំណោយ។ តាមការបញ្ជាក់របស់លោក ស៊ុន ចំណាន ក្រុមការងារនឹងបន្តរៀបចំកម្មវិធីកៀងគរជាថវិកាពីសប្បុរសជន និងអាជីវកម្មដ្ឋាននានា ក្នុងខេត្ត ដើម្បីចូលរួមចែករំលែកបន្តទៀត៕