(ស្វាយរៀង)៖ ស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង បានវិលទៅរកភាពល្អប្រសើរច្រើនដោយសារមានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងមន្ត្រីជំនាញ ដែលបានបិទខ្ទប់តំបន់មួយចំនួននៅក្រុងបាវិត។ ការបិទខ្ទប់បានធ្វើឱ្យចំនួនអ្នកឆ្លងតិច និងយកសំណាកអ្នកធ្វើចត្តាឡីស័ក ទៅពិនិត្យពុំរកឃើញមេរោគកូវីដ-១៩ ច្រើនដូចមុននោះទេ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺតែម្នាក់ប៉ុណ្ណោះ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មានចំនួន៣០៨នាក់ និងអ្នកកំពុងព្យាបាលចំនួន២២៩នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៧៧នាក់ និងអ្នកស្លាប់មានតែម្នាក់ប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីលោកអភិបាលខេត្តស្វាយរៀង ដែលជាប្រធានគណៈកម្មការកូវីដ-១៩ ខេត្តបានធ្វើឱ្យស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរច្រើនដោយ បានកាត់បន្ថយចំនួនអ្នកឆ្លងនៅតិចហើយយើងអាចគ្រប់ស្ថានការណ៍បាន គឺអាចកាត់ ឬសគល់ បានមួយចំនួនធំដោយឱ្យអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលធ្វើចត្តាឡីស័ក និងពង្រឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្រុងបាវិត និងតំបន់ផ្សេងៗទៀតផងដែរ។

ព្រមជាមួយគ្នានេះលោក តូច ប៉ូលីវ៉ា បានគូសបញ្ជាក់ថា អាជ្ញាធរបានទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យចេញក្រៅពីផ្ទះទៀតនោះសង្ឃឹមថានៅសង្កាត់បាវិត ក្រុងបាវិត និងបានល្អប្រសើរឡើងវិញ ហើយក្រុមក្រុមការងារ បានចុះវាយតម្លៃតាមកាស៊ីណូ ឃើញការគ្រប់គ្រង និងការធ្វើចត្តាឡីស័កបានល្អ និងយកសំណាកទៅធ្វើតេស្ត គឺបានលទ្ធផលអវិជ្ជមានច្រើន ដូច្នេះ ស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្ត និងវិលរកភាពប្រក្រតីឡើងវិញ នៅពេលឆាប់ៗនេះ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត ហើយបើគ្មានការចាំបាច់សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការ ពីប្រជាពលរដ្ឋគ្រប់ៗគ្នាផងដែរ៕