(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មណ្ឌលចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានដំណើរការចាក់វ៉ាក់សាំងដូសទី២ ជូនក្រុមគ្រួសារកងទ័ព ចំណុះកងទ័ពជើងគោក។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានសំដែងនូវការកោតសរសើរ ចំពោះក្រុមការងារ ចាក់វ៉ាក់សាំងមណ្ឌល បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោកថា បានរៀបចំមានសណ្តាប់ធ្នាប់ល្អ និងមានតម្លាភាព។

លោកបន្ដថា យោធិន និងក្រុមគ្រួសារយោធិនទាំងអស់ ដែលមកទទួលវ៉ាក់សាំងដូសទី២ ទោះបីចាក់រួចហើយក៏ដោយ សូមឲ្យគោរពគោលការណ៍ របស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ទោ សុខ ប៉ាង ក៏បានគោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានខិតខំស្វែងរកជំនួយ នឹងទិញវ៉ាក់សាំងមកចាក់ជូន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕