(តាកែវ)៖ ចៅក្រមសាលាដំបូងខេត្តតាកែវ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារយុវជន៤នាក់ ដែលល្មើសបម្រាមជួបជុំគ្នាស៊ីផឹកចាក់បាស់រាំនៅស្រុកសំរោង រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ១លានរៀល ក្រោមបទមិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការតាមរយៈការប្រកាសសាលក្រម។

អង្គសវនាការជំនុំជម្រះ តាមនីតិវិធីនៃការបង្ហាញខ្លួនភ្លាមរបស់តំណាងអយ្យការ ធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ដែលសមាសភាពចៅក្រមជំនុំជម្រះគឺលោក នូ ដារ៉ា និងតំណាងអយ្យការលោក ស៊្រីវ គឹមស្រស់។

យុវជនទាំង៤នាក់ ដែលត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ១លានរៀលនេះ ផ្អែកលើសណុំរឿងព្រហ្មទណ្ឌលេខ ២៦០ ចុះថ្ងៃទី១៩-០៤-២០២១ ស្របតាមបទបញ្ញត្តិមាត្រា៤ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលហាមការជួបជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

គួបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្តតាកែវលោក អ៊ូច ភា បានបញ្ជាឲ្យសមត្ថកិច្ចចាប់វ៉ៃខ្នោះយុវជន៤នាក់នេះ ដែលបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំលេង នៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។

អភិបាលខេត្ត បានថ្លែងប្រាប់ថា មូលហេតុដែលលោកបញ្ជាឲ្យសមត្ថកិច្ចវ៉ៃខ្នោះយុវជនទាំង៤នាក់ បន្ទាប់ពីពួកគេមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ជាពិសេសពីសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលមិនឲ្យមានការជួបជុំផឹកស៊ីដែលនាំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩៕