(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យពិនិត្យចង្ហាន់ព្រះសង្ឃនៅតាមទីអារាមនានា ក្នុងកំលុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជាការរឹតបន្តឹងការឆ្លងខេត្តជាដើម។

តាមរយៈសារសំឡេងផ្ញើជូនប្រជាពលរដ្ឋខ្មែរនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ មិនមានអ្នកទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចនិមន្តបិណ្ឌបាត្របាននោះឡើយ ដែលអាចនាំឱ្យព្រះសង្ឃដាច់ចង្ហាន់។

សម្តេចតេជោ បានណែនាំយ៉ាងដូច្នេះ «ខ្ញុំក៏សូមយកឱកាសនេះ សូមឯកឧត្តមរាជធានីភ្នំពេញ និងខេត្តកណ្តាល និងអភិបាលគ្រប់ទីកន្លែងទាំងអស់ សូមយកចិត្តទុកដាក់ចំពោះព្រះសង្ឃ ក្នុងពេលបិទខ្ទប់ គ្មានប្រជាពលរដ្ឋទៅធ្វើបុណ្យ ដែលអាចដាច់ចង្ហាន់ យកចិត្តទុកដាក់លើព្រះសង្ឃ មិនអាចចេញបិណ្ឌបាត្រនៅកន្លែងបិទខ្ទប់ ជាពិសេសនៅភ្នំពេញ និងក្រុងតាខ្មៅ»