(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានបន្តផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ចំនួន២០០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក និងរាំងខ្ទប់នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ជាក់ស្តែង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក នួន ផារ័ត្ន អភិបាលរង, លោក ហួត ហៃ អភិបាលរង, លោក ជិន ប៊ុនធឿន នាយករងរាជធានីភ្នំពេញ, លោកស្រី តិមា វិច្ចិកា, លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ក៏អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំង២០០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ មកពី៦ភូមិ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអភិបាលបានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូ, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ផងដែរ។

លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពង់សំរាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ កុំមានការព្រួយបារម្ភ, សម្តេចតេជោដាច់ខាតមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារនោះទេ។

ទន្ទឹមនឹងនេះ លោកអភិបាលរាជធានីភ្នំពេញ សូមបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ហើយស្ថិតក្នុង កាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កផងដែរ។

នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេសមួយ ដោយសុំលុបចោលការផ្តល់ថវិកា ៣០ម៉ឺនរៀលសម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យពិនិត្យចង្ហាន់ព្រះសង្ឃនៅតាមទីអារាមនានា ក្នុងកំលុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជាការរឹតបន្តឹងការឆ្លងខេត្តជាដើម៕