(ភ្នំពេញ)៖ មន្ដ្រីយោធាដែលមានបញ្ហាខួរក្បាល ជិះម៉ូតូបុកប៉ារ៉ាស ព្រមទាំងវាយនគរបាល នៅគោលដៅបិទខ្ទប់ចំណុចរង្វង់មូលតាព្រហ្ម ក្នុងខណ្ឌជ្រោយចង្វារ និងក្រុមជួបជុំគ្នាផឹកស៉ីមិនស្ដាប់ការណែនាំ នៅខណ្ឌឫស្សីកែវ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News ថា ជនបង្ករូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ។ លោកបញ្ជាក់ថា ជនបង្កបានបើកបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថមើលងាយ និងវាយបង្កបួសស្នាមមកលើសមត្ថកិច្ចទៀតផង ហើយត្រូវបានចាប់ខ្លួនភ្លាមៗ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

យ៉ាងណាមិញ លិខិតរបស់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរព្រះកុសុមៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបង្ហាញថា មន្ដ្រីយោធាឈ្មោះ ខៀវ ចាន់សុភក្រ្ដា ជាមនុស្សមានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្តប្រាកដមែន ហើយតម្រូវឲ្យលេបថ្នាំជាប់រៀងរាល់ថ្ងៃ។ មូលហេតុដែលបុគ្គលរូបនេះ មានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្ត ដោយសារតែអំឡុងឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មានបញ្ហាសតិដូចគ្នានេះដែរ។

ដោយឡែក មួយករណីផ្សេងទៀត ដែលជាអ្នកជួបជុំគ្នាផឹកស៉ីមិនស្ដាប់ការណែនាំ ចំនួន៦នាក់ នៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ក្រោយចាប់ខ្លួននៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់ បានជួបជុំផឹកស៉ីផ្ទុយពីច្បាប់។ ការចាប់ខ្លួនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕