(ភ្នំពេញ)៖ ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ បានបង្ហាញលេខទូរស័ព្ទសម្រាប់គ្រួសារកងទ័ពទំនាក់ទំនង ដើម្បីចាក់វ៉ាក់សាំងដូសទី២ នៅតាមបណ្ដាខណ្ឌទាំង១៤ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយមិនត្រូវចល័តចេញទៅខណ្ឌផ្សេងនោះទេ ពោលប្រសិនបើបងប្អូននៅខណ្ឌណា ត្រូវចាក់នៅខណ្ឌនោះតែម្ដង។ នេះបើតាមតារាងលេខទូរស័ព្ទដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

សូមរំលឹកថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ កាលពីថ្ងៃទី២០ ខែមេសាម្សិលមិញ បានសេចក្ដីណែនាំមួយ ស្តីពីការចាក់វ៉ាក់លើកទី២ (Sinopharm) ជូនកងទ័ព និងគ្រួសារ នៅតាមបណ្តាកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ស្ថិតក្នុងសភាពការណ៍ចាំបាច់ ក្នុងការអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងពីខណ្ឌមួយទៅខណ្ឌមួយ ក្នុងរាជធានីភ្នំពេញ។ ដូច្នេះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ សូមធ្វើណែនាំស្តីពីការចាក់វ៉ាក់លើកទី២ (Sinopharm) ជូនកងទ័ព និងគ្រួសារ៕