(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងមួយ បង្ហាញពីការរកឃើញមន្ដ្រីរបស់ខ្លួនម្នាក់ កើតជំងឺកូវីដ១៩ ឈ្មោះ ផង់ សុភី ដែលជាជំនួយរបស់លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលទើបទទួលមរណភាពដោយសារជំងឺនេះ។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កញ្ញា ផង់ សុភី ក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងក្របខ័ណ្ឌក្រសួង បានមកក្រសួង ចំនួន២លើក គឺនៅថ្ងៃទី០១ និងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ប៉ុន្ដែមិនបានចូលតំបន់រៀបចំចាក់វ៉ាក់សាំងទេ ដោយក្រុមការងារប្រាប់គាត់ថា មានបញ្ហាបច្ចេកទេសដូច្នេះគាត់មិនមានឈ្មោះ ក្នុងបញ្ជីចាក់វ៉ាក់សាំងនៅថ្ងៃនោះឡើយ ក្រោយមកទៀតគាត់មិនបានមកក្រសួងព័ត៌មាននោះទេ។

នៅថ្ងៃដដែលនោះ កញ្ញា ផង់ សុភី ដែលជាជំនួយការរបស់លោក ម៉ៅ អាយុទ្ធ បានមកជួបជាមួយក្រុមការងារ គឺបានអនុវត្តវិធានសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាគម្លាតបុគ្គលបានត្រឹមត្រូវ។

ទោះជាយ៉ាងនេះក្ដី ក្រសួងព័ត៌មានបានជូនដំណឹងដល់មន្ដ្រីរាជការក្នុងក្រសួង ដែលអាចមានពាក់ព័ន្ធក្រៅផ្លូវការជាមួយសាមីខ្លួនឲ្យតាមដានសុខភាព និងក្នុងករណីមានអាការៈសង្ស័យ ត្រូវសុំទៅធ្វើតេស្ដដោយមិនប្រហែសឡើយ៕