(ស្វាយរៀង)៖ អំណោយជាគ្រឿងឧបភោគ បរិភោគចំនួន១៥០កញ្ចប់ ត្រូវបានលោក គឹម ឡាយនិងអ្នកស្រី ស៊ីវ ហេង និងក្រុមគ្រួសារ ដែលប្រជាពលរដ្ឋ រស់នៅភូមិ តាបឹប សង្កាត់បាវិត ក្រុងបាវិត បាននាំយកប្រគល់ជូនរដ្ឋបាលក្រុងបាវិត នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទុកចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើ ចត្តាឡីស័ក និងប្រជាពលរដ្ឋក្រីក្រខ្វះខាត៥ភូមិក្នុងសង្កាត់បាវិត។

អាជ្ញាធរក្រុងបាវិត បានថ្លែងអំណរគុណចំពោះលោក គឹម ឡាយនិងអ្នកស្រី ស៊ីវ ហេង និងក្រុមគ្រួសារ ដែលបានចូលរួមបរិច្ចាគនូវអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាលក្រុង ក៏ដូចជាក្នុងភូមិចំនួន៥ ក្នុងសង្កាត់បាវិត ដែលសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែក ទៅលើការជួយគ្នាក្នុងគ្រាមានទុក្ខលំបាក ក្នុងកំឡុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

អាជ្ញាធរក្រុងបាវិត ក៏បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននេះ រដ្ឋបាលក្រុងបាវិត និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយ អប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ ៣ការពារ ៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនបំផុត។

សូមបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ សម្ភារៈដែលរដ្ឋបាលក្រុងបាវិត ទទួលបានពីសប្បរសជនរួមមាន៖ មី៥០កេស ត្រីខ៥០០កំប៉ុង កាហ្វេ៥០ប្រអប់ ទឹកសុទ្ធ៥០យួរផងដែរ៕