(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំខេត្ត រួមជាមួយមន្ត្រីអង្គភាពពាក់ព័ន្ធ ចុះពិនិត្យមើលការជួសជុល «មន្ទីពេទ្យមេគង្គ» ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ១៩។

នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស បានឲ្យដឹងថា ដំណើរការជួសជុលមន្ទីពេទ្យមេគង្គនេះបានលទ្ធផល៨០%ហើយ និងអាចរួចរាល់១០០% នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។

លោក ឃន ប្រុស បានបន្តថា មន្ទីរពេទ្យនេះជួសជុលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មាន៧០បន្ទប់ និងអាចដាក់ព្យាបាលអ្នកជំងឺបានរហូតដល់ទៅជាង២០០នាក់។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចឲ្យរដ្ឋបាលខេត្តកំពង់ចាមយក «សណ្ឋាគារមេគង្គ» ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ នៅខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ។

បន្ទាប់ពីទទួលបានការណែនាំពីសម្ដេចតេជោ ហ៊ុន សែន ភ្លាម, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ខេត្ត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំមន្ទីរពេទ្យមេគង្គ សម្រាប់ទុកព្យាបាលអ្នកដែលវិជ្ជមានជំងឺកូវីដ-១៩៕