(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាបន្ថែមទៀតដល់កម្លាំងសមត្ថកិច្ចទំងអស់ ត្រូវអនុវត្តន៍វិធានក្ដៅចំពោះជនទាំងឡាយណាហ៊ានល្មើសនឹងបំរាមគោចរ និងល្មើសការបិទខ្ទប់របស់រដ្ឋបាលខេត្ត ហើយសូមកុំយោគយល់ឲ្យសោះ។

លោកអភិបាលខេត្ត បានចេញបទបញ្ជាយ៉ាងដូច្នេះនៅក្នុងវេទិការប្រជុំបន្ទាន់មួយនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ នៅឯសួចច្បារមាត់ទន្លេក្រុងតាខ្មៅ ដែលមានការចូលរួមពីក្រុមមន្ត្រីពាក់ព័ន្ធទាំងអស់ និងកម្លាំងទាំង៣ផងដែរ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា «អាជ្ញាធរមូលដ្ឋានរួមនឹងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តយកចិត្តទុកដាក់ជាទីបំផុត និងប្រើធម៌ក្តៅជាមួយពលរដ្ឋណា ដែលហ៊ានបំពាន និងផ្គើននឹងវិធានការររដ្ឋបាល ដោយកុំខ្លាចពលរដ្ឋខឹង បើខ្លាចពលរដ្ឋខឹងដូចទុកឲ្យពួកគាត់ស្លាប់អីចឹង»

លោកអភិបាលខេត្តបន្តទៀតថា លោកមើលឃើញជាក់ស្តែងនៅក្រុងតាខ្មៅយើងនៅតែមានការបើកឲ្យពលរដ្ឋជិះម៉ូតូ ដើរឆ្វេចឆ្វាច សប្បាយជាធម្មតា តាមដងផ្លូវ ដូចមិនខ្លាចជំងឺកូវីដ១៩ទាល់តែសោះ។ ដូច្នេះសូមអាជ្ញាធរសង្កាត់ សហការជាមួយមេភូមិ មេឃុំ និងប្រជាការពារ ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ជាទីបំផុត មិនឲ្យពលរដ្ឋខ្លួនចេញពីក្រៅផ្ទះ ឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយនោះទេ ក្នុងស្ថានភាពដែលក្រុងតាខ្មៅ កំពុងមានការរីករាល ដាលកាន់តែខ្លាំងឡើងៗ ដោយអាជ្ញាធរត្រូវតែកំណត់តំបន់ខ្លួនឯង អាចចាត់ទុកជាតំបន់ក្រហមដែរ ឬទេ បើសិនជានៅតែមានការឆ្លងនៅជំងឺកូវីដ១៩។

គួររម្លឹកថា គិតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អត្រាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: នៅទូទាំងខេត្តកណ្ដាលមានចំនួន ២១,០៩៩នាក់ ក្នុងនោះអ្នកមានវិជ្ជមានសរុប ៥៦៥នាក់, ជាសះស្បើយចំនួន៣៣៨នាក់, អ្នកកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលមានចំនួន ១៦៧៩នាក់ នៅតាមផ្ទះមានចំនួន ៦៥៦៦នាក់, អ្នកត្រូវបញ្ចប់ចត្តាឡីស័កនៅតាមមណ្ឌលមានចំនួន ២៣០០នាក់ និងតាមផ្ទះមានចំនួន១០០៧៣នាក់៕