(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធររាជធាធានីភ្នំពេញ បានចាប់ផ្ដើមនាំយកទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់នៅក្នុងវត្តតាមមូលដ្ឋាន អំឡុងពេលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ហើយប្រជាពលរដ្ឋមិនអាចយកចង្ហាន់ទៅប្រគេនបានដូចសព្វដង។

ជាក់ស្ដែងនៅខណ្ឌមានជ័យ ក្រោយទទួលបានការណែនាំនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យអាជ្ញាធរគិតគូរ និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅគ្រប់វត្តអារាមទាំងអស់ ដោយមិនត្រូវឲ្យវត្តណាមួយខ្វះចង្ហាន់នោះទេ។ ក្នុងនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ បាននាំយកអង្ករ ទឹកសុទ្ធ ព្រមទាំងទេយ្យទានផ្សេងទៀតផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រគេនជូនព្រះសង្ឃដែលគង់វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងវត្តនន្ទមុនី ដែលស្ថិតនៅតំបន់ក្រហម ក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ លោកអភិបាលរងបានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក៍ជាព្រះសង្ឃ តាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

អភិបាលរងខណ្ឌមានជ័យ បានបន្តទៀតថា សម្ដេចទាំងទ្វេបានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសព្រះសង្ឃ ដែលគង់ក្នុងវត្តស្ថិតក្នុងតំបន់ក្រហម មិនអាចនិមន្តបិណ្ឌបាតបាន រួមទាំងពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់ទៅវត្តបាន ធ្វើឲ្យមានការប៉ះពាល់ដល់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ។

លោក ឌី រ័ត្នខេមរុណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងកំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់សូមកុំចេញក្រៅផ្ទះ។ ស្បៀងដែលប្រគេនជូនព្រះសង្ឃក្នុងមួយវត្តរួមមាន៖ អង្ករ ៥០បាវ និងទឹកសុទ្ធ៥០ កេស និងមីចំនួន៤០កេះ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យពិនិត្យចង្ហាន់ព្រះសង្ឃនៅតាមទីអារាមនានា ក្នុងកំលុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជាការរឹតបន្តឹងការឆ្លងខេត្តជាដើម។

តាមរយៈសារសំឡេងផ្ញើជូនប្រជាពលរដ្ឋខ្មែរនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ មិនមានអ្នកទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចនិមន្តបិណ្ឌបាត្របាននោះឡើយ ដែលអាចនាំឱ្យព្រះសង្ឃដាច់ចង្ហាន់៕