(កំពង់ចាម)៖ រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បន្ដការអនុវត្តវិធានការដ្ឋបាល និងការផ្អាកទីតាំង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កែច្នៃ ព្រមទាំងដេប៉ូចែកចាយស្រាបៀគ្រប់ប្រភេទ ការលក់ដូរ និងការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការបន្ដផ្អាកបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍នេះ គឺដើម្បីធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងសេចក្ដីជូនដំណឹងដដែលនេះ បានបន្ថែមថា ក្នុងករណីរកឃើញថា ម្ចាស់អាជីវកម្មណាមួយ ដែលមិនព្រមអនុវត្ត ឬអនុវត្តផ្ទុយពីខ្លឹមសារនៃសេចក្ដីណែនាំនេះ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕