(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ មុខវត្តស្ងួនពេជ្រ និងអូដឹម ក្នុងសង្លាត់កំបូលខណ្ឌកំបូល ដើម្បីពង្រឹងកម្លាំងដែលបាននិងកំពុងឈរជើងនៅគោលដៅនោះ ឲ្យមានភាពរឹងមាំនិងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ ឲ្យទទួលបានជោគជ័យ ពោលកាត់ផ្តាច់ឲ្យបានការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនៅមុខវត្តស្ងួនពេជ្រ បានណែនាំឲ្យអាជ្ញាធរនិងកងកម្លាំង ដែលឈរជើងនៅទីនោះ សម្រួលចរាចរណ៍ចំពោះយានយន្តដែលមានសិទ្ធិក្នុងការឆ្លងកាត់ឲ្យបានលឿន ជៀសវាងការកកស្ទះចរាចរណ៍។

លោកបានណែនាំទៅអាជ្ញាធរខណ្ឌកំបូលថា ចំពោះរថយន្ត ដែលមានសិទ្ធិអាចចេញបាន ពិសេសរថយន្តកុងទីន័រឲ្យចេញពីក្រៅក្រុងទៅ។ ចំពោះរថយន្តចូលក្រុង ត្រូវពិនិត្យឲ្យបានល្អិតល្អន់ ពោលគឺ ឲ្យចូលតែចំពោះរថយន្តដឹកគ្រឿងឧបភោគបរិភោគ និងត្រូវនាំណែនាំឲ្យពួកគាត់ដឹកចូលពេលយប់។

ចំពោះរថយន្តទេសចរណ៍ ឲ្យពួកគាត់ត្រឡប់ក្រោយវិញ តែបើពួកគាត់នៅតែរឹងទទឹង មិនព្រមស្រាប់តាមការណែនាំ យើងត្រូវធ្វើការត្រួតពិនិត្យ ហើយបើពិនិត្យទៅមិនមានឯកសារពាក់ព័ន្ធក្នុងការធ្វើដំណើរ ក្នុងអំឡុងបិទខ្ទប់នេះទេ ត្រូវឃាត់ទុកហើយពិន័យទៅតាមច្បាប់ ទើបឲ្យពួកគាត់ត្រឡប់ក្រោយវិញ។

លោក ឃួង ស្រេង ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញនេះ លោកតែងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះឲ្យសោះ បើមិនមានការងារចាំបាច់ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវស្តាប់ និងអនុវត្តឲ្យបានល្អទៅតាមសេចក្តី សម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាបំបាត់ការឆ្លងជំងឺកូវីដ១៩ ឲ្យបាន ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ៕