(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនបុរសជាមេខ្យល់ម្នាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ករណីនាំមនុស្ស២នាក់ លួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់។ ចំណែកពលករទាំង២នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល។

បើតាមលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ជនសង្ស័យឈ្មោះ នឹម វណ្ណា ភេទប្រុសអាយុ៦៨ឆ្នាំ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មេខ្យល់រូបនេះ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឃាត់ខ្លួនជាមួយ និងពលករខ្មែរប្រុស ស្រី ចំនួន០២នាក់ មានឈ្មោះ តោ សូរិយ៉ា ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិស្រះឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក និងឈ្មោះ មាត បឹម ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជាមួយគ្នា ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ នៅចំណុចច្រកស្តុកស្តោរ ក្នុងភូមិសាស្ត្រឃុំគោករមៀង ស្រុកថ្មពួក រួចបានបញ្ជូនខ្លួនទាំង ០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក។

លោកអធិការ បានបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ជនសង្ស័យឈ្មោះ នឹម វណ្ណា ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ឃាត់ខ្លួននៅវេលាម៉ោង១១៖២០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និងបានបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕