(កណ្ដាល)៖ លោក សែ ឈុនទ្រី ប្រធានច្រកទ្វាជ្រៃធំ បានថ្លែងប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា វៀតណាម បានយល់ព្រមបើកឲ្យមានការនាំចូលបន្លែ មកកម្ពុជាវិញហើយ ក្រោមការសម្របសម្រួលពីក្រុមការងារលោក និងភាគីខេត្តអានយ៉ាង ប្រទេសវៀតណាម។

លោកបន្តថា លោក និងក្រុមការងារ កាលពីម្សិលមិញ បានខិតខំប្រឹងប្រែងសម្របសម្រួល ជជែកវែកញែកជាមួយខាងភាគីខេត្តអានយ៉ាង ដើម្បីពន្យល់ពីហេតុផលផ្សេងៗ និងពិសេសពីវិធានការដ៏ល្អរបស់ភាគីកម្ពុជា ដែលខាងវៀតណាម គួរតែទុកចិត្តមកចំពោះក្រុមការងារខាងច្រកទ្វារ ខណ:ដែលវិធានការការពារត្រូវបានអនុវត្តន៍បានយ៉ាងល្អពេញលេញផងដែរ។

លោកប្រធានច្រក បានអះអាងទៀតថា បន្ទាប់ពីជជែកវែកញែកគ្នាពេញមួយថ្ងៃម្សិលមិញរួចមក នៅថ្ងៃនេះខាងភាគីវៀតណាមយល់ព្រមអនុញ្ញាតឲ្យមានការនាំចេញបន្លែ ចូលកម្ពុជាឡើងវិញជាធម្មតាវិញ ប៉ុន្តែស្ថិតក្រោមការរឹតបន្តឹងវិធានការការពារកូវីដ១៩ យ៉ាងម៉ឺងម៉ាត់បំផុត។

លោកប្រធានច្រកអះអាងទៀតថា បន្ទាប់ខាងវៀតណាមបើកច្រកឡើងវិញនោះ គេឃើញក្រុមអាជីវករ ដែលចុះទៅយកបន្លែពីវៀតណាមចូលមកកម្ពុជាហាក់មានភាពប្រក្រតីធម្មតា និងចូលរួមអនុវត្តន៍តាមវិធានការបានល្អផងដែរ។

គួរជម្រាបថា កាលពីម្សិលមិញ អាជ្ញាធរវៀតណាម បានសម្រេចបិទមិនឲ្យមានការនាំចូលបន្លែពីប្រទេសរបស់ខ្លួន ចូលមកកម្ពុជានោះទេ ដោយសារយោងហេតុផលថា មានក្រុមអាជីវករផ្សារដើមគរឆ្លងកូវីដច្រើន ហើយភាគីវៀតណាម ភ័យខ្លាចឆ្លងចូលស្រុកគេ ទើបគេបិទមិនឲ្យអាជីវករខ្មែរយកបន្លែពីគេ៕