(បាត់ដំបង)៖ លោក សុខ គឹមខុន ប្រធានគណៈកម្មាធិការអនុសាខាស្រុកកំរៀង និងលោក ណុប សុវណ្ណ ប្រធានកិត្តិយសអនុសាខា តំណាងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយចុះប្រគល់ជូន ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន១៩គ្រួសារ ក្នុងភូមិចំនួន៤ភូមិ នៃស្រុកកំរៀង ខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ កាលពីថ្ងៃទី១៥-១៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីនេះ។

លោក សុខ គឹមខុន ក្នុងនាមតំណាងលោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានោះលោក សុខ គឹមខុន ក៏បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ រួមមាន៖ រលំផ្ទះ និងរបើកដំបូលនាពេលនេះ និងបានផ្តាំផ្ញើសូមឱ្យមានការប្រុងប្រយ័ត្ននៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទដៃ ជៀសវាងគ្រោះថ្នាក់ កើតឡើងជាយថាហេតុ ពិសេសចូលរួមគោរពចរាចរណ៍ផ្លូវគោក និងថែររក្សាសុខភាព អនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលជៀសផុតពីជំងឺ កូវីដ-១៩ ទាំងអស់គ្នា។

លោកបន្តថា ថ្វីដ្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារតែក៏អាចជួយ សម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចទិសស្លោក ខ្ញុំកាកបាទក្រហមកម្ពុជា- មិនទុកនណាម្នាក់ចោលឡើយ។

សូមបញ្ជាក់ថា សម្ភារៈដែលកាកបាទក្រហមប្រគល់ជូនជនរងគ្រោះរួមមាន៖ ក្នុង០១គ្រួសារៗទទួលបានអង្ករ២៥ គីឡូក្រាម ភួយ១ ក្រមា១ ទឹកសុទ្ធវីឃែរ១ធុង ទឹកត្រី និងស៊ីអ៊ីវ ១យួរ ត្រីខ១យួរ និងថវិកាមួយចំនួនផងដែរ៕