(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចាប់ខ្លួនបុរស២នាក់ ដែលបង្ហោះការបង្អួតផឹកស្រានៅក្នុងរថយន្តតាមបណ្តាញសង្គម TikTok ដែលល្មើសបំរាមខណៈរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានបិទខ្ទប់។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅល្ងាចថ្ងៃនេះថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នាយកដ្ឋានប្រឆាំងបទល្មើស
បច្ចេកវិទ្យា បានស្រាវជ្រាវគណនី TikTok មួយដែលបានធ្វើការបង្ហោះវីដេអូជួបជុំផឹកគ្រឿងស្រវឹងក្នុងរថយន្ត ដោយមិនគោរពវិធានការរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនបុរសទាំង២នាក់បានហើយនៅថ្ងៃនេះ។
បើតាមលោកឧត្តមសេនីយ៍ឯក ជា ពៅ, បុគ្គលទាំងពីរនេះរួមមាន៖
*ទី១៖ ឈ្មោះ ពិន នាត អាយុ២៨ឆ្នាំ រស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង
*ទី២៖ ឈ្មោះ ហូ ជីម អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង តែបច្ចុប្បន្នបុគ្គលទាំងពីរ កំពុងប្រកបមុខរបរនៅភ្នំពេញ។
ក្រោយការចាប់ខ្លួន បុគ្គលទាំង២នាក់នេះ កំពុងសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀតតាមនីតិវិធី៕