(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសានេះ បានផ្ញើសារដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមសាររបស់ សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសារដដែលនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាង ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ដែលបាន និងកំពុងចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុសនូវគោលការណ៍នានារបស់រាជរដ្ឋាភិបាល ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល»

សម្តេចក្រឡាហោម បានក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ បន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល។

សម្តេចបន្តថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យើងខ្ញុំយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំសូមជំរុញទឹកចិត្តឲ្យបងប្អូនបន្តរក្សា និងប្រកាន់ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ»

ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីបុព្វហេតុរួម នៃការកាត់ផ្ដាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ សំដៅនាំស្ថានការណ៍ និងគ្រប់សកម្មភាពរបស់សង្គម វិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ៕

ខាងក្រោមនេះជាសាររបស់សម្តេចក្រឡាហោម ស ខេង៖