(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានដឹកនាំមន្ត្រី អាជ្ញាធរពាក់ព័ន្ធ ចុះសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង២៥០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ដោយចំណាយថវិកាសាងសង់អស់ប្រមាណជាង ៣០លានរៀល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា ពាក់ព័ន្ធសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងដំណើរការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅមូលដ្ឋាន។ ដោយឡែក ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនេះ ពិតជាបានចូលរួមចំណែក ក្នុងការដឹកជញ្ជូនកសិផល របស់ប្រជាកសិករនៅមូលដ្ឋានពីឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច តភ្ជាប់ទៅឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស។

ដូច្នេះលោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជរាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវនេះ ឲ្យបានយូរអង្វែង និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការ ៣ការពារ
(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩៕