(កោះកុង)៖ លោក ចេង មុនីរិទ្ធ អភិបាលស្រុកគីរីសាគរ ខេត្តកោះកុង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា ដើម្បីចូលរួមទប់ស្កាត់ជាមួយ រាជរដ្ឋាភិបាលក្នុងការបញ្ចប់ការរីករាលដាលកូវីដ-១៩ ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» លោកបានដឹកនាំគណៈបញ្ជាការឯកភាពស្រុក ចុះត្រួតពិនិត្យ និងស្រង់ឈ្មោះអ្នកបើកអូប័រ និងអ្នកបើរថយន្តឈ្នួល និងបានសំណាកមនុស្ស ២៣នាក់ នៅចំណុចពយជប៉ុន ភូមិកោះស្តេច ឃុំកោះស្តេច ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។

លោកអភិបាលស្រុក បានបន្ថែមថា ការចុះយកសំណាកទៅធ្វើតេស្តចំពោះអ្នកបើកអូប័រ និងអ្នកបើកឡានឈ្នួលនេះ គឺដើម្បីចូលរួមទប់ស្កាត់កំុឱ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ ដូច្នេះ យើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នាទាំងអ្នកបើកអូបរនិងអ្នកបើករថយន្តឈ្នួលពីព្រោះជំងឺកូវីដ-១៩នេះ មានកើតនៅក្នុងក្រុមហ៊ុនញ៉ូញៀន ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង ប៉ុន្តែមានតែចំពោះបុគ្គលិករបស់ក្រុមហ៊ុនទេ តែអ្វីដែលសំខាន់យើងចូលរួមទប់ស្កាត់ទាំងអស់គ្នាពីព្រោះជំងឺកូវីដនេះ វាមានហាន័យខ្ពស់ជាជំងឺសកលកមិនថាក្មេង ឬចាស់ទេ គឺឆ្លងទាំងអស់ហេតុនេះ សូមមានការប្រុងប្រយ័ត្នឱ្យខ្ពស់។

លោក ចេង មុនីរិទ្ធ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងស្រង់ឈ្មោះអ្នកបើកអូប័រ និងអ្នកបើករថយន្តឈ្នួលមានចំនួន ៣២នាក់ ចំពោះអ្នកបើកបរ។

ជាមួយគ្នានេះដែរ លោកក៏សូមអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមទប់ស្កាត់ការពារកុំឱ្យមានការរីករាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ ហើយអនុវត្តន៍នៅការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ជានិច្ច៕