(ភ្នំពេញ)៖ កម្មករ កម្មការិនីនៅក្នុងរោងចក្រ «ហីរ៉ាយហ្សិន អៅដរ (ខេមបូឌា)» ទាំង១០៥នាក់ ដែលពាក់ព័ន្ធនឹងអ្នកកើតកូវីដ ទទួលបានលទ្ធផលតេស្តសំណាកលើកទី១ «អវិជ្ជមាន»។ នេះបើយោងតាមលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមេសានេះ។

កម្មកររោងចក្រ ហីរ៉ាយហ្សិន អៅដរ (ខេមបូឌា) ទាំង ១០៥នាក់ ដែលស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប៉ះពាល់នឹងកម្មករ ដែលមានកូវីដ១៩ ចំនួន ២នាក់ គឺឈ្មោះ ហង់ ស៉ីម អាយុ៤២ឆ្នាំ និងកូនប្រុសគាត់ឈ្មោះ រៀម សារ៉ាក់់ អាយុ១៨ឆ្នាំ។

បើតាមលោក ប្រាក់ វ៉ុន បានបន្ថែមថា ម្តាយ និងកូនដែលកើតកូវីដ១៩ ខាងលើនេះ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរ ក្នុងរាជធានីភ្នំពេញ។

ចំណែកលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ស្រុក បានឲ្យដឹងថា កម្មករទាំងអស់ក្នុងរោងចក្រ ហីរ៉ាយហ្សិន អៅដរ (ខេមបូឌា) ត្រូវបានតំណាងក្រុមហ៊ុន អនុញ្ញាតឲ្យពួកគាត់នៅធ្វើចត្តាឡីស័កក្នុងអគាររោងចក្រនេះតែម្ដង ដោយរៀបចំឱ្យពួកគាត់មានកន្លែងស្នាក់នៅឲ្យបានសមរម្យ មានទាំងអាហារហូបចុក រីឯកន្លែងស្នាក់នៅ រៀបចំឲ្យមានពូក និងមានម៉ាស៉ីនត្រជាក់ជូនពួកគាត់ទៀតផង៕