(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដនាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជូនប្រជាពលរដ្ឋជិត១,៧០០គ្រួសារ នៅភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។

លោក ឃួង ស្រេង បានថ្លែងថា ការបិទខ្ទប់ភូមិដ្ឋានរបស់បងប្អូនពិតជាធ្វើឲ្យប្រជាពលរដ្ឋ មានការលំបាកហើយ ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឲ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

អភិបាលរាជធានីភ្នំពេញ រូបនេះបានបន្ដថា ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោ ក៏បានចាត់ចែងឲ្យមានការចុះចែកគ្រឿង ឧបភោគ បរិភោគភ្លាមៗ ជូនដល់ប្រជាពលរដ្ឋ ដោយមានតំបន់ត្រូវបិទខ្ទប់ ហើយចាត់ទុកជា តំបន់ក្រហម ដែលជាតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរ និងតំបន់បិទខ្ទប់ផ្សេងទៀត។ ក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម ហើយរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ការចែកអំណោយនាពេលនេះ គឺមានប្រជាពលរដ្ឋ ១,៦៩៤គ្រួសារ ដែលរស់នៅក្នុង សង្កាត់ចោមចៅទី១ រីឯប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម គឺនៅសង្កាត់ចោមចៅទី១ ដែលនៅទីនោះអាជ្ញាធរបានចែកអំណោយតាមខ្នងផ្ទះជាបន្តបន្ទាប់ សរុបបានប្រមាណ ១,៩០០គ្រួសារ ហើយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ១យួរ៕