(តាកែវ)៖ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ លោក កែវ វ៉ាន្នី និងសហការរី នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកអំណោយ មួយចំនួនប្រគល់ជូនលោក អ៊ូច ភា អភិបាលខេត្តតាកែវសម្រាប់យកទៅទ្រទ្រង់សកម្មភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្ត។

លោក អ៊ូច ភា ក្នុងនាមរដ្ឋបាលខេត្តតាកែវបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សាខាគយនិងរដ្ឋាករខេត្តតាកែវដែលបានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ទឹកក្រូច ម៉ាស់ដល់រដ្ឋបាលខេត្តសម្រាប់យកទៅធ្វើសកម្មភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តតាកែវទាំងមូល ដែលអាជ្ញាធខេត្តកំពុងតែធ្វើសកម្មភាពយ៉ាងខ្លាំងក្លា។

លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា លោកនឹងប្រើប្រាស់ជំនួយឧបត្ថមនេះឲ្យចំគោលដៅ ពោលនឹងយកជំនួយនេះទៅចែកដល់កងកម្លាំងទាំងអស់ ដែលកំពុងយាមប្រចាំការនៅតាមគោលដៅព្រំប្រទល់ជាប់ខេត្តកំពត កណ្ដាល កំពង់ស្ពឺ ក្នុងការទប់ស្កាត់ការចរាចណ៍ចេញចូលរបស់ប្រជាពលរដ្ឋ ដែលនាំឲ្យឆ្លងរីករាលដាលជំងឺកូវីដ១៩។

គួរបញ្ជាក់ថា អំណោយដែលសាខាគយនិងរដ្ឋាករខេត្តតាកែវផ្ដល់ជូនរដ្ឋបាលខេត្តតាកែវ រួមមាន៖ ទឹកបរិសុទ្ធកម្ពុជា ១០០កេស ទឹកក្រូច៩០កេស និងម៉ាស់២កេសធំស្មើ ៥០០០ម៉ាស់៕