(ស្វាយរៀង)៖ បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះបន្ថែមរួចមក លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ខេត្តស្វាយរៀង បានបង្ហាញពីភាពស្វាហាប់ចំពោះសុខភាពរបស់ខ្លួន និងត្រៀមចូលធ្វើការរាជការវិញ នៅថ្ងៃទី២៣ ខែមេសាស្អែកនេះ ព្រមទាំងអំពាវនាវលើកទឹកចិត្តដល់អ្នកជំងឺកូវីដ១៩ ដទៃទៀតផងដែរ។

លោក សរ សុដានី បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា រូបលោកត្រូវបានក្រុមគ្រូពេទ្យព្យាបាលឱ្យជាសះស្បើយពីជំងឺកូវីដ-១៩ ហើយបានឲ្យបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយថ្ងៃស្អែកនេះលោកនឹងចូលបម្រើការងារនៅសាលាក្រុងស្វាយរៀងវិញធម្មតាហើយ។

ជាមួយគ្នានេះដែរ លោកអភិបាលរងក្រុងក៏បានគោរពថ្លែងអំណរគុណចំពោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការ ប្រជាពលរដ្ឋ និងមិត្តភក្តិជិតឆ្ងាយទាំងអស់ ជាពិសេសកងទ័ព (អាវស) ដែលតែងតែលើកទឹកចិត្តដល់លោកជានិច្ច និងណែនាំឱ្យលោកខិតខំថែរក្សាសុខភាព និងហូបថ្នាំទៀងទាត់។

លោក សរ សុដានី បានបញ្ជាក់ថា ដោយសារការខិតខំប្រឹងប្រែងអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជ នូវវិធានប ៣កុំ និង ៣ការពារ និងបើមិនចាំបាច់កុំចេញក្រៅផ្ទះធ្វើឲ្យរូបលោកបានជាសះស្បើយពីរោគដ៏កាចសាហាវមួយនេះ។

លោក សរ សុដានី បានអំពាវនាវដល់អ្នកកើតជំងឺកូវីដ១៩ទាំងអស់ កុំឲ្យយកការភ័យខ្លាចក្លាយជាការបាក់ស្មារតី ត្រូវខិតខំពង្រឹងថែរក្សាសុខភាព និងអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ព្រោះការលើកទឹកចិត្តដល់អ្នកជំងឺ គឺជាការសំខាន់ណាស់ ដើម្បីបានឆាប់ជាសះស្បើយឡើងវិញ និងសូមប្រជាពលរដ្ឋទាំងអស់កុំរើសអើង កុំស្អប់អ្នកជំងឺកូវីដ-១៩ ព្រោះពួកគាត់សុទ្ធតែជាជនរងគ្រោះ ហើយត្រូវបន្តចូលរួមលើកទឹកចិត្តពួកគាត់ឲ្យខិតខំថែរក្សាសុខភាព រួមគ្នាកម្ចាត់ជំងឺកូវីដ១៩ ឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីបានប្រកបរបររកស៊ី និងរស់នៅដោយសុខដុមរមនា ជាពិសេសត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងកូវីដ-១៩ ឲ្យបានគ្រប់គ្នាព្រោះវ៉ាក់សាំង គឺជាជាអាវក្រោះមួយ ដើម្បីការពារខ្លួន តែសូមនៅតែអនុវត្តវិធានអនាម័យរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវផងដែរ។

សូមបញ្ជាក់ថា លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ត្រូវបានធ្វើតេស្តសំណាករកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមីនា ហើយត្រូវបានអាជ្ញាធរខេត្តស្វាយរៀង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយមន្ត្រីសាលាក្រុងដែលមានផលប៉ះពាល់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ក៏បានវិលត្រឡប់មកបម្រើការងារនៅសាលាក្រុងស្វាយរៀងវិញ កាលពីថ្ងៃថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះផងដែរ៕