(ភ្នំពេញ)៖ ទីចាត់ការការពារគីមីសាស្ត្រ អគ្គបញ្ជាការដ្ឋាន បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ កែវ ប៊ុនណា អត្តលេខ ០១២៥៧៥ នាយករងទីចាត់ការការពារគីមីសាស្រ្ត បានរកឃើញកើតជំងឺកូវីដ១៩។

យោងតាមសេចក្តីជូនព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ របស់ទីចាត់ការការពារគីមីសាស្ត្រ បានឱ្យដឹងថា
លោកឧត្តមសេនីយ៍ទោ កែវ ប៊ុនណា បានទៅយកសំណាកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ហើយលទ្ធផលបង្ហាញមានវិជ្ជមានជំងឺកូវីដ១៩។ ភរិយា របស់លោកក៏រកឃើញវិជ្ជមានផងដែរ។

បច្ចុប្បន្នលោក កែវ ប៊ុនណា និងភរិយា កំពុងសម្រាកព្យាបាលនៅផ្ទះ ដែលស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល។

បើតាមទីចាត់ការការពារគីមីសាស្ត្រ បានបញ្ជាក់ថា អ្នកជំងឺទាំងពីរនាក់នេះ ធ្លាប់បានចាក់វ៉ាក់សាំងចំនួន០២លើករួចមកហើយ។

ទីចាត់ការការពារគីមីសាស្ត្រ អំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ត្រូវអនុវត្តន៍តាមវិធានការការពារកូវីដ-១៩ របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្លួន និងម៉ឺងម៉ាត់បំផុត៕