(ភ្នំពេញ)៖ រយៈពេល០២ខែមកហើយ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានមមាញឹកទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួមសហការជាមួយ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល និងកម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

ក្នុងកាលៈទេសៈដ៏មានហានិភ័យនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមគ្រប់សកម្មភាព ក្នុងការបង្កាទប់ស្កាត់ប្រយុទ្ធប្រឆាំងនូវជំងឺ ដ៏កាចសាហាវខាងលើ គ្រប់កាលៈទេសៈ ក្នុងនោះកងកម្លាំងម្នាក់ៗ បានប្រឈមជាមួយមេរោគទាំងនេះដោយផ្ទាល់ តាមរយៈការប៉ះពាល់ចាប់បង្ខំអ្នកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលប៉ះពាល់អ្នកជំងឺកូវីដ-១៩ ដែលរឹងទទឹង ដែលមិនព្រមអនុវត្តតាមវិធានសុខាភិបាលផង, ចូលរួមការពារត្រួតពិនិត្យ នូវទីតាំងសម្រាកព្យាបាល និងមណ្ឌលធ្វើចត្តាឡីស័ក រាប់រយកន្លែងផង, ចូលរួមល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ និងនៅតាមគេហដ្ឋានផង។

ចូលរួមផ្សព្វផ្សាយនូវសេចក្តីជូនដំណឹង សេចក្តីណែនាំ បទបញ្ជា សេចក្តីសម្រេច អនុក្រឹត្យ និងច្បាប់ ដែលពាក់ព័ន្ធដល់ការបង្កា ទប់ស្កាត់នូវការរីករាលដាល ជំងឺកូវីដ-១៩, ចូលរួមសហការល្បាត និងឈរជើងត្រួតពិនិត្យការអនុវត្តបម្រាមគោចរ និងវិធានការ បិទខ្ទប់ភូមិសង្កាត់រហូតដល់រាជធានីទាំងមូលផង និងបានរួមចំណែកចែកស្បៀងចែកម៉ាស់ដល់ប្រជាពលរដ្ឋជាច្រើនផង។

ក្រៅពីនេះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ ក្នុងការការពារខ្លួនគ្រប់ជំហានទាំងការរស់នៅ និងការបំពេញបេសកកម្មរបស់ខ្លួន តាមសេចក្តីជូនដំណឹង និងវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារនាំយកម៉ាស់ចំនួន ៣,៤០០០ម៉ាសបន្ថែមទៀត ទៅចែកជូនដល់កម្លាំង អាវុធហត្ថគ្រប់គោលដៅ ដើម្បីយកទៅប្រើប្រាស់បន្តបេសកកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ជាបន្តទៀត៕