(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការប្រវត្តិសាស្ត្រ និងអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា ក្រុមការងារវិមានឈ្នះឈ្នះ បានត្រៀមរៀបចំពិពរណ៍ និងប្រមូលកត់ត្រាតាមពេលវេលាសមស្រប ដើម្បីរក្សារៀបចំទុកនៅវិមានឈ្នះឈ្នះ អំពីព្រឹត្តិការណ៍កូវីដ-១៩នេះ។

បើតាមនាយឧត្តមសេនីយ៍ បានឱ្យដឹងថា ពីចម្លាក់ មានរូបថត គំនូរ វីដេអូ ឯកសារច្បាប់ វិធានការនានា ទុកឱ្យជំនាន់ក្រោយបានដឹងពីទិដ្ឋភាព ការដឹកនាំ វីរៈភាព ស្មារតីសាមគ្គី ដើម្បីប្រែក្លាយពីគ្រោះមហន្តរាយកូវីដ១៩នេះ ឱ្យទៅជាកម្លាំងជាតិ និមិត្តរួបជាតិ និងការឯកភាពជាតិ ក្រោមទង់នយោបាយឈ្នះឈ្នះតេជោសែន កសាងអភិវឌ្ឍជាតិបន្តទៀតយ៉ាងរឹងមាំ។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានលើកឡើងពីរសជាតិនៃជីវិតក្នុងសម័យកូវីដ-១៩ រសជាតិនេះ គឺមានភាពខុសៗគ្នា ហើយរសជាតិខុសគ្នារវាងអ្នកដែលវិជ្ជមាន Positive និងអ្នកដែលអវិជ្ជមាន។ មានន័យថាអ្នកដែលបានឆ្លងជំងឺព្យាបាល និងអ្នកដែលមិនបានឆ្លងហើយមានការថែទាំ ការគ្រប់គ្រងការការពារបាន។ ចំពោះអ្នកដែលមិនបានឆ្លងទទួលនូវជំងឺក្តី ក៏មានរសជាតិខុសៗគ្នា ដែលនៅក្នុងនោះរសជាតិជីវិតស្ថិតក្នុងស្ថានភាព lockdown បិទខ្ទប់ ហើយនឹងអ្នកដែលមិន lockdown ដែលត្រូវការពារដោយប្រយោល និងពីចម្ងាយ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមការងារវិមានឈ្នះឈ្នះ បានត្រៀមរៀបចំពិពរណ៍ និងប្រមូល កត់ត្រា ដើម្បីរក្សារៀបចំទុកនៅវិមានឈ្នះឈ្នះ អំពីព្រឹត្តិការណ៍កូវីដ-១៩នេះ។ ក្រៅពីចម្លាក់ មានរូបថត គំនូរ វីដេអូ ឯកសារច្បាប់ វិធានការនានាទុកឱ្យជំនាន់ក្រោយបានដឹងពីទិដ្ឋភាព ការដឹកនាំ វីរៈភាព ស្មារតីសាមគ្គី... ដើម្បីប្រែក្លាយពីគ្រោះមហន្តរាយកូវីដ១៩នេះ ឱ្យទៅជាកម្លាំងជាតិ និមិត្តរួបជាតិ និងការឯកភាពជាតិ ក្រោមទង់នយោបាយឈ្នះឈ្នះ តេជោសែន កសាងអភិវឌ្ឍជាតិបន្តទៀតយ៉ាងរឹងមាំ»

បើតាមនាយឧត្តមសេនីយ៍ អ្នកដែល lockdown ទៀតក៏ស្ថិតនៅក្នុងភាពខុសគ្នារវាងតំបន់ក្រហម (red zone) និងតំបន់ដែលគ្រាន់តែបិទខ្ទប់។ ស្ថានភាពនេះ ក៏មានភាពខុសគ្នាទៀតរវាងអ្នកដែលមានផ្ទះដែលមានទីធ្លាជាដីឡូតិ៍ និងអ្នកដែលមានផ្ទះរស់នៅជាលក្ខណៈសំណង់រួម។ ដូច្នេះជីវិត និងជីវភាពនៃការឆ្លងកាត់សម័យកាលកូវីដ-១៩នេះ គឺពិតជាមានលក្ខណៈខុសៗគ្នា ទើបបានជាយើងឃើញនូវព្រឹត្តិការណ៍ និងសកម្មភាពដែលបានលេចចេញ មកដោយអារម្មណ៍ ដោយជីវភាពប្រចាំថ្ងៃ និងសេចក្តីត្រូវការ គឺមានភាពខុសគ្នាយ៉ាងច្រើន។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់ថា៖ «ក្នុងនេះក៏យើងឃើញនូវវិធានការដែលរាជរដ្ឋាភិបាល ដែលអាជ្ញាធរមានការពុះពារដើម្បីអនុវត្តវិធានការពារដើម្បីធានានូវអាយុជីវិត និងការឆ្លងរាលដាលដែលមានការរៀបចំ កម្លាំងគ្រប់ផ្នែក រៀបចំកម្លាំងព្យាបាល កម្លាំងពន្យល់ កម្លាំងដឹកជញ្ជូនសព្វបែបយ៉ាង។ នេះហើយជាជីវភាព និងរសជាតិនៅក្នុងសម័យកូវីដ-១៩ ដែលយើងត្រូវកត់ត្រា ចារឹកទុកជាប្រវត្តិសាស្ត្ររយឆ្នាំទៅមុខ»

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិត បានលើកឡើងថា បើយើងមានការប្រៀបធៀបថែមទៀត ជាមួយប្រទេសតំបន់នានា ក៏ដូចជាប្រទេសដែលនៅឆ្ងាយដែលកំពុងតែមានស្ថានភាពយ៉ាងធ្ងន់ធ្ងរ និងបានគ្រប់គ្រងធូរស្រាលមកវិញ នោះយើងនឹងកាន់តែឃើញវិធានការជីវភាព និងវិធានការផ្សេងៗដែលកាន់តែច្រើនថែមទៀត ក្លាយទៅជាគំនរសកលនៃប្រវត្តិសាស្ត្រនៃសម័យកូវីដ-១៩ ដែលនឹងមានរឿងរ៉ាវជាច្រើនត្រូវចារិកនៅក្នុងទំព័រសម្រាប់មនុស្សជាតិក្នុងសកលលោក។

នាយឧត្តមសេនីយ៍ ក៏ក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមប្រតិបត្តិវិធានការទាំងឡាយឱ្យបានមុតមាំ យេីងនឹងបានឆ្លងផុតរយៈកាលដ៏គ្រោះថ្នាក់នេះ៕